ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យអ្នកបើកតាក់ស៊ីពីភ្នំពេញមកខេត្តព្រះសីហនុមួយ ដែលជនជាតិចិនម្នាក់ផ្ទុកកូវីដ១៩ធ្លាប់ជិះ ឲ្យមកធ្វើតេស្តសំណាក ដោយសារជនជាតិចិននោះមិនចាំលេខទូរស័ព្ទអ្នកបើកតាក់ស៊ីឡើយ

BY
Khmernote Media
March 6, 2021

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបសារធាណៈជនជ្រាបថា៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

– ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ជាមួយមិត្តភក្តិម្នាក់ទៀតជាជនជាតិចិន បានស្នាក់នៅ Naga2 ជាន់ទី១ (មិនចាំលេខបន្ទប់) និងចូលលេងកាស៊ីណូ ក្លឹបកំសាន្ត និងភោជនីយដ្ឋានៅទីនោះ

– ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានជិះតាក់ស៊ី (មិនចាំម៉ាក និងលេខទូរស័ព្ទអ្នកបើកបរ) ជាមួយមិត្តភក្តិ០២នាក់ទៀត មកដល់ខេត្តព្រះសីហនុនៅពេលរសៀល រួចទៅធ្វើតេស្តសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើលិខិតបញ្ជាក់សុខភាពត្រឡប់ទៅប្រទេសចិនវិញ។ ក្រោយពិនិត្យសុខភាព និងយកសំណាករួច បានជិះរថយន្តដដែលទៅស្នាក់នៅបន្ទប់លេខ២០៣ និងលេខ២០៥ ជាន់ទី០២ សណ្ឋាគារ អាលីយ៉ា។

– ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ទើបក្រុមគ្រូពេទ្យនាំពួកគាត់ទាំង២នាក់ មកសម្រាកព្យាបាលនៅសណ្ឋាគារ សាកាណា ដែលជាកន្លែងព្យាបាលជំងឺកូវីដ១៩

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់មានទំនាក់ទំនងជិតដិត ជាពិសេសម្ចាស់រថយន្តតាក់ស៊ី ដែលបានដឹកបុរសដែលមានវិជ្ជមានកូវីដ-១៩ តាមពេលវេលា និងទីតាំងដូចបានរៀបរាប់ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅទីតាំងក្នុងរាជធានី ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។ ដោយឡែកនៅខេត្តព្រះសីហនុ សូមមកធ្វើតេស្តសំណាកនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

Share This Post: