ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំអ្នកជំងឺឲ្យបញ្ឈប់ការប្រើប្រាស់អាហារបំប៉នសម្រាប់ព្យាបាលជំងឺ ដែលអាចគ្រោះថ្នាក់ដល់ជីវិតព្រោះបញ្ហាមួយនេះ

BY
Khmernote Media
March 6, 2021

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានមួយស្តីពីអាហារបំប៉នសុខភាព ដែលបានធ្វើការផ្សព្វផ្សាយ បំផុសបំផុល ដោយបានប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក្នុងការទិញផលិតផលបំប៉នសុខភាពមកប្រើប្រាស់ ដើម្បីព្យាបាលជំងឺទៅវិញ។

ក្រសួងបានបញ្ជាក់ផងដែរថា ការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ដើម្បីព្យាបាលជំងឺ គឺធ្វើឲ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល បង្កឲ្យការព្យាបាលជំងឺមិនបានទាន់ពេលវេលា ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិតថែមទៀតផង។ ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាជ្រាបថា អាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកំលាំងតែប៉ុណ្ណោះ ហើយវាក៏មិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ រឹតតែគ្មានប្រសិទ្ធភាពក្នុងការ បង្ការ ឬព្យាបាលជំងឺ ដូចជាមហារីក សន្លាក់ ទឹកនោមផ្អែម លើសឈាម… បានឡើយ៕

Share This Post: