នាំគ្នាមកបា.ញ់សត្វលេង បែរត្រូវចំក្មេងប្រុសម្នាក់ បណ្តាលឲ្យបាត់បង់ជីវិតគួរអោយអាសូរ
ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ស្លាប់ ខណៈឈរលេងជាមួយមិត្តភក្តិនៅវាលស្រែមួយកន្លែង ក៏ត្រូវគ្រាប់កាំភ្លើងបាញ់សត្វមួយគ្រាប់ចំក្រោមភ្នែកខាងឆ្វេងបៀមគ្រាប់ជាប់ ដែលគ្រាប់កាំភ្លើងនេះ បាញ់ដោយបុរសម្នាក់បាញ់សត្វលលកមួយក្បាលងាប់ ហើយគ្រាប់នោះហោះចំជនរងគ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សារឿន ប៊ុនថា ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌល អង្គការសង្គ្រោះជនអស់សង្ឃឹម ។

បើតាមសម្តីរបស់មិត្តជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ បាននាំគ្នាឈរលេងនៅចំណុចវាលស្រែខាងលើ លុះក្រោយមកគេឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក REXTON ពណ៌ស ពាក់ស្លាកលេខ ខ.ម-0282 ចូលទៅកាន់ទីតាំងកើតហេតុលុះមួយសន្ទុះក្រោយមក ក៏ឮសំឡេងកាំភ្លើង១គ្រាប់ ស្រាប់តែត្រូវចំជនរងគ្រោះដួលតែម្តង ឃើញដូច្នេះពួកគេក៏អោន និងក្រាបចុះដីទាំងអស់គ្នា ហើយក៏ឮសំលេងបាញ់មក៣គ្រាប់បន្ថែមទៀត ។ ភ្លាមៗនោះពួកគេខ្លះបានរត់ចូលទៅក្នុងភូមិវិញ ស្រែកឆោឡោប្រាប់គេឲ្យបានដឹង ហើយគេក៏ឃើញសត្វលលកមួយក្បាល ដែលគេបាញ់ងាប់នៅវាលស្រែក្បែរកន្លែងកើតហេតុដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ជិះរថយន្តមួយគ្រឿង REXTON ពណ៌ស ពាក់ផ្លាកលេខ ខ.ម-0282 រកឃើញកាំភ្លើងបាញ់សត្វ(ខ្យល់)មួយដើម និងសត្វលលកងាប់មួយក្បាល។
បច្ចុប្បន្នបុរស២នាក់ខាងលើ ត្រូវបាននគរបាលនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ចំណែកឯសពត្រូវបានយកទៅតម្កល់នៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ ដើម្បីរងចាំផ្នែកជំនាញ ចុះធ្វើកោសល្យវិច្ឆ័យរួចទើបធ្វើកំណត់ហេតុប្រគល់អោយតំណាងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម និងក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត