ព័ត៌មានជាតិ

ម្ចាស់ផ្ទះបានត្រឹមស្រែកយំ ភ្លើងឆេះផ្ទះយកអ្វីក៏មិនបាន បានតែខោអាវមួយសម្រាប់ជាប់ខ្លួន ឯទ្រព្យសម្បត្តិនិងលុយទុកការកូន ត្រូវភ្លើងឆេះអស់គ្មានសល់ (មានវីដេអូ)

BY
Khmernote Media
March 7, 2021

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដោយម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក ស្រាប់តែអ្នកជិតខាងស្រែកហៅថា ភ្លើងឆេះផ្ទះ ក៏ស្ទុះរត់ចេញមកក្រៅ យកអ្វីក៏មិនបានដែរ បានតែខោអាវមួយសម្រាប់ជាប់ខ្លួនប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិនិងលុយទុកការកូន ក៏ត្រូវបានភ្លើងឆេះខ្ទេចអស់រលីង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្រុម៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីដែលជាអ្នកជិតខាងបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងឆេះចេញពីក្រោយផ្ទះលក់ឈើកើតហេតុខាងលើ ដោយមិនដឹងមូលហេតុអ្វីឡើយ ហើយក៏បានរត់ទៅស្រែកហៅម្ចាស់ផ្ទះ ឲ្យចេញមកក្រៅ ទម្រាំចេញបានហើយ ភ្លើងក៏បានបន្តលេបត្របាក់ផ្ទះលក់ឈើខាងលើជិតអស់ទៅហើយ ទើបមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ តែអគ្គិភ័យមកដល់ឆេះផ្ទះស្ទើរតែទាំងស្រុងទៅហើយ គួរបញ្ជាក់ផងដែរថាដោយសារតែមានគំនរឈើនៅជាប់ផ្ទះច្រើន និងមានខ្យល់បោកបក់មធ្យមទៀត ទើបបានធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងនេះ ដោយបានបំផ្លាញទ្រព្យសម្បត្តិអស់ស្ទើរតែទាំងស្រុងទៅហើយ ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ ប៉ូ អូន ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឈើ ក្ដាពុម្ព ស្នាក់នៅផ្ទះកើតហេតុ បានរៀបរាប់ទាំងក្ដុកក្ដួលប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា គាត់បានមករស់នៅទីនេះជិត២០ឆ្នាំមកហើយ និងទើបប្រកបរបរលក់ឈើបានប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

តាមសម្តីម្ចាស់ផ្ទះបានបន្តទៀតថា រូបគាត់បានចូលសំរាកក្នុងផ្ទះជាធម្មតាដូចសព្វដង លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែលឺគេស្រែកនៅមុខផ្ទះគាត់ស្មានតែគេចាប់ចោរ លុះងើបឡើងស្រាប់តែឃើញអគ្គិភ័យ កំពុងតែលេបត្របាក់ខាងក្រោយផ្ទះរបស់គាត់ ហើយគាត់ក៏ប្រញាប់រត់ចេញក្រៅផ្ទះមិនចង់ទាន់ ចំណែកប្ដីគាត់ចេញមកមិនរួចព្រោះទ្វារម្ខាងទៀតចាក់សោរពីក្រៅ តែត្រូវអ្នកជិតខាងជួយគាស់ និងកាត់សោទំរាំចេញមកបាន ទើបបណ្ដាលឲ្យប្ដីរបស់គាត់រងរបួស រលាកស្មាខាងឆ្វេង ហើយមិនបានយកអ្វីចេញមកឡើយ គឺមានតែខោអាវមួយសម្រាប់ជាប់ខ្លួនប៉ុណ្ណោះ សូម្បីតែទ្រព្យសម្បត្តិនិងលុយទុកការកូនថ្ងៃ៨ស្អែក ដែលលើកទៅខែក្រោយ ក៏ត្រូវបានភ្លើងឆេះខ្ទេចអស់រលីងដែរ ។

ចំពោះមូលហេតុដែលនាំឲ្យមានអគ្គីភ័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើការបញ្ជាក់ជូននាពេលក្រោយ ដែលផ្ទះកើតហេតុជាប្រភេទសំណង់ ផ្ទះល្វែង និងរោងឈើប្រក់ស័ង្កសី ទំហំ២៥ម៉ែត្រ x ៣០ម៉ែត្រ ដោយមានការខូចខាតសំភារៈ រោងឈើប្រក់ស័ង្កសី (ឮទំហំ ២៥ម៉ែត្រ x ៣០ម៉ែត្រ, ផ្ទះល្វែងរួមជាមួយសំភារៈអស់ទាំងស្រុង។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប និងរថយន្តជំនួយពន្លត់អគ្គិភ័យរួមមានដូចខាងក្រោម៖ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនខ្មែរប៊្លូវើរី ចំនួន១គ្រឿង ប្រើប្រាស់ទឹក ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ដោយកម្លាំងសមត្ថកិច្ចបានជួយពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង០៣:៣០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែលនេះ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: