ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពវា.យប្ល.ន់យកទូរស័ព្ទ iPhone មួយគ្រឿងពីបុរសម្នាក់បានសម្រេចជិះគេចខ្លួនបាត់ស្រមោលនៅខណ្ឌពោធិ៍សែនជ័យ

BY
Khmernote Media
March 8, 2021

រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីចូលរួមបុណ្យសពមិត្តភក្តិ ដើរចេញទៅចាំកង់បីឥណ្ឌាមកដឹកទៅផ្ទះ ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone X-Max (អាយហ្វូនអ៉ិចម៉េក) បានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០១:២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្លោងទ្វារវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សារុន ស្លារី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកទូរស័ព្ទដែលជនសង្ស័យយកទៅបាត់នោះ ម៉ាក iPhone X-Max (អាយហ្វូនអ៉ិចម៉េក) ។

បើតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានចេញពីផ្ទះនៅម្ដុំបឹងសាឡាង ទៅផ្ទះមិត្តភក្កិដើម្បីចូលរួមបុណ្យសព ស្ថិតនៅផ្លូវលំ ច្រកវត្តកំពែង ដល់វេលាម៉ោងកើតហេតុខាងលើ រូបគាត់ក៏បានហៅកង់បីឥណ្ឌាមកដឹកគាត់ត្រឡប់ទៅផ្ទះវិញ តែដោយសារកន្លែងរោងបុណ្យសព ចូលទៅក្នុងប្រហែល៣០០ម៉ែត្រ ស្ថានភាពផ្លូវងងឹតហើយស្ងាត់ ពុំមានភ្លើងបំភ្លឺផ្លូវឡើយ ដោយខ្លាចកង់បីមិនហ៊ានចូលទៅយករូបគាត់ ទើបគាត់បានដើរចេញមកតែម្នាក់ឯង ហើយអង្គុយនៅមុខក្លោងទ្វារវត្តកំពែង ដែលជាកន្លែងកើតហេតុ ដើម្បីរងចាំកង់បីឥណ្ឌាមកដឹកត្រឡប់ទៅផ្ទះវិញ ខណៈកំពុងតែអង្គុយរងចាំ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ទាំងពីរគ្រឿង ដោយគាត់ចាំបានថាមួយគ្រឿងមានកាំបន្ទះពណ៌ស តែមិនចាំស្លាកលេខទេ បានជិះឌុបគ្នាចេញមកពីខាងក្រោយគាត់ ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ តែដំបូងឡើយឆក់មិនបាន ទើបពួកជនសង្ស័យទាំងនោះឈប់ម៉ូតូហើយចុះមក២នាក់ប្រវាយប្រតប់ដើម្បីយកទូរស័ព្ទរបស់គាត់រហូតបានសម្រេច ហើយនាំគ្នារត់ឡើងជិះម៉ូតូរត់ទៅតាមទិសខាងជើង គេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចឡើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានឡើងជិះកង់បីឥណ្ឌា ធ្វើដំណើរទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីប្រាប់ពីដំណើររឿងហេតុ និងដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ច ធ្វើការកំណត់មុខសញ្ញា តាមចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ។

គួរជម្រាបជូនដែរថា គេសង្កេតឃើញថា ក្រុមជនសង្ស័យវ័យស្ទាវៗ ជំទង់ៗមានគ្នាច្រើន ដែលជិះម៉ូតូឌុបគ្នាបង្កើតជាក្រុម តែងដើរធ្វើសកម្មភាពញឹកញាប់ណាស់ រាល់ពេលយប់ស្ងាត់ នៅពេលប្រទះឃើញអ្នកដំណើរណាមិនប្រយ័ត្ន ក៏ចេញធ្វើសកម្មភាព ដេញវាយ ឬគប់ អ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ហើយស្រែកបង្កើតរឿងរ៉ាវអ្វីមួយចោទប្រកាន់ម្ចាស់ម៉ូតូតែម្ដង បើឱកាសល្អលើកយកម៉ូតូ ឬប្លន់ទ្រព្យសម្បត្តិ ជិះរត់គេចខ្លួនតែម្តង ព្រោះករណីបែបនេះកើតមានច្រើនករណីមកហើយ ។

សូមបញ្ជាក់ជូនថា ដោយមើលឃើញថា សកម្មភាពក្រុមក្មេងទំនើង នៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីរយៈពេលចុងក្រោយ បានធ្វើសកម្មភាព អំពើវាយតប់គ្នា និងឈានទៅធ្វើអំពើ ឆក់ ប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋថែមទៀតផង។ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដាក់ចេញនូវវិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។ ក្នុងកិច្ចប្រជុំលោកស្នងការរង លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌមួយចំនួន ក៏បានលើកឡើងពីបញ្ហាប្រឈមនៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងពិភាក្សាដាក់ចេញវិធានការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនៅក្នុងមូលដ្ឋានឱ្យបានជាក់លាក់ និងមានការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ជម្រុញឱ្យលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រងមុខញ្ញាក្មេងទំនើង និងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនគិតថាក្មេងទំនើងនោះ ជាកូនអ្នកណានោះឡើយ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការ និងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារ នៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវ ចៀសវាងការធ្វើរបាយការណ៍ភូតកុហក ពីមុខសញ្ញាក្មេងទំនើងនេះ។ ពាក់ព័ន្ធនិងវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល០១ឆ្នាំ គឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង ៦៨១ករណីឃាត់ខ្លួន១០៣៩នាក់។ ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ៥០៦ករណី និងករណីបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ១៧៣ករណី ៕

ដោយ៖ បងម៉េង

Share This Post: