រដ្ឋបាលខេត្តកំពង់ចាមរកឃើញបុរសម្នាក់មានផ្ទុកវីរុសកូវីដ១៩ ធ្លាប់ធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញសួរសុខទុក្ខបងប្អូនឈឺនៅពេទ្យ ហើយជិះតាក់ស៊ី និងម៉ូតូឌុបមកដល់ស្រុកនៅខេត្តកំពង់ចាម និងធ្លាប់ចូលផ្សារទិញម្ហូបថែមទៀត
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រកឃើញករណីវិជ្ជមាន បុរសជនជាតិខ្មែរ ឈ្មោះ ម៉ី ស៊ីចាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅលែង LV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ បុរសម្នាក់នេះ បានមកដល់ផ្ទះនៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ មកពីតំបន់មានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានចូលមកស្នាក់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំបុរសខាងលើមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត (សណ្ឋាគារមេគង្គ) ក្រុងកំពង់ចាម។
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ លុះដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសម្នាក់នេះមានវិជ្ជមានកូវីដ១៩ និងបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកំពង់ចាម។ ខាងក្រោមនេះគឺជាប្រវត្តិធ្វើដំណើររបស់បុរសម្នាក់នេះ៖
