ចោរកាលីប ជិះសុទ្ធតែម៉ូតូធំចូលលួច ID ប៉ូលីសដល់ក្នុងប៉ុស្តិ៍បានសម្រេច ហើយចង់លួចម៉ូតូទៀត តែត្រូវប៉ូលីសឃើញ ទាន់ដេញចាប់បាន វាយខ្នោះភ្លាមៗ
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងចូលទៅលួចវិទ្យុទាក់ទង (ID) របស់ប៉ូលីសដល់ក្នុងប៉ុស្តិ៍ប្រចាំការ២៤ម៉ោង បានសម្រេចហើយ និងឆ្លៀតប៉ុនប៉ងលួចម៉ូតូមួយគ្រឿងទៀត តែត្រូវប៉ូលីសដឹងខ្លួនទាន់ ស្រែកសួរមិនឆ្លើយក៏រត់ឡើងជិះម៉ូតូគេចខ្លួន ផ្អើលប៉ូលិស២ខណ្ឌសហការគ្នាបញ្ចេញម៉ូតូប្រដេញ តាមចាប់ទំរាំបាន និងឆែករកឃើញថ្នាំញៀននៅជាប់ខ្លួនទៀត ទើបវាយខ្នោះយកទៅសួរនាំភ្លាមៗផងដែរ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង (ស្តុប២៤ម៉ោង) ផ្លូវបំបែកជាបួន លើផ្លូវភ្នំពេញហាណូយ កែងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង ម៉ាកអឹមស្លាស់ (M’Slaz) ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Z-0318 បានជិះឌុបគ្នាមកឈប់ក្បែរប៉ុស្តិ៍ប្រចាំការរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅចំណុចស្តុប២៤ម៉ោង រួចបក្ខពួកម្នាក់បានដើរចូលទៅក្នុងស្នាក់ការប៉ុស្តិ៍ ចំណែកម្នាក់ទៀតអង្គុយលើម៉ូតូចាំនៅខាងក្រៅប៉ុស្តិ៍ រួចបានធ្វើសកម្មភាពលួច ID មួយគ្រឿងរបស់សមត្ថកិច្ចបានសម្រេច រួចដើរចេញមកក្រៅវិញ ហើយប៉ងលួចម៉ូតូមួយគ្រឿងទៀតដែលដាក់នៅជាប់ប៉ុស្តិ៍ តែខណៈនោះសមត្ថកិច្ចដែលកំពុងសម្រាកក៏ភ្ញាក់ដឹងខ្លួនឃើញជនសង្ស័យដើរ ក៍ស្រែកសួរនាំ ស្រាប់តែជនសង្ស័យមិនឆ្លើយតបទេ បែរជាភ័យស្លន់ស្លោនាំគ្នាឡើងម៉ូតូជិះគេចខ្លួនភ្លាមៗ ភ្លាមនោះដែរកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍នាំគ្នា ដេញចាប់ជនសង្ស័យនឹងបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នាំគ្នាដេញប្រផាប់ចាប់ប្រផីង រហូតដល់ផ្លូវ៥៦៦ កែងផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបសមត្ថកិច្ចព័ទ្ធចាប់បានជនសង្ស័យនិងវាយខ្នោះភ្លាមៗ រួចសមត្ថកិច្ចបានឆែកឆេរកឃើញក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន២កញ្ចប់នៅជាប់ខ្លួនជនសង្ស័យទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំបន្ត និងកសាងសុំណំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត