កូវីដ-១៩

ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦០ករណី ដោយក្នុងនោះមាន ៤២ករណី ជាការចម្លងក្នុងសហគមន៍

BY
autoadmin
March 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ឆ្លងថ្មីចំនួន ៦០ករណី នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុប ចាប់តាំងពីជំងឺរាតត្បាតនេះមានវត្តមាននៅប្រទេសថៃកើនដល់ ២៦,៥០១ ករណី។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែមាន ៨៥ នាក់ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន​ ៤២ករណី ជាការចម្លងក្នុងសហគមន៍ ខណៈករណីចំនួន ១៧ ជាការនាំចូលពីបរទេស។

ក្នុងចំណោមករណីឆ្លងសរុបទាំង ២៦,៥០១ ករណី មានករណីចំនួន ២៥,៨៥១ (៩៧.៥៥%) បានជាសះស្បើយ និងមានអ្នកជំងឺ ៥៦៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកនៅទូទាំងពិភពលោកមានករណីជំងឺ COVID-19 ថ្មីកើនឡើងចំនួន ២៩២,៣៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំចំនួនសរុបឱ្យកើនដល់ ១១៧.៧៥ លានករណី ខណៈចំនួនស្លាប់មាន ៦,៤៣១​ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ២.៦១ លានករណី៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: