យកដុំថ្មគប់គំ.រាមប្ល.ន់យកម៉ូតូពីក្មេងជំទង់ម្នាក់បានសម្រេច ហេីយជិះរត់គេចខ្លួនទាំងភ័យស្លន់ស្លោ រហូតឃាត់ខ្លួនបានវិញ នៅជិតវត្តប្រជុំវង្ស សង្កាត់និរោធ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពយកដុំថ្មគប់គំរាមប្លន់យកម៉ូតូហុងដាឌ្រីមសង់ បានសម្រេចពីក្មេងប្រុសម្នាក់ ដែលឈប់ម៉ូតូអង្គុយជជែកគ្នាជាមួយមិត្តភក្តិនៅក្នុងវត្តកំសាន្ត សង្កាត់ព្រែកប្រា ហើយជិះរត់គេចខ្លួនទាំងភ័យស្លន់ស្លោ ព្រោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋរួមទាំងកម្លាំងនគរបាលប៉ុស្តិ៍និរោធ ចេញអន្តរាគមន៍ប្រដេញតាមរហូតដល់ ជិតវត្តប្រជុំវង្ស ទើបឃាត់បានរួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលនិរោធតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចក្នុងបរិវេណវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សឿន បញ្ញារិទ្ធ ហៅលុច ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ចំណែកកុមារារងគ្រោះមានឈ្មោះ ប៊ុន លី អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាភូមិឬស្សីស្រស់ មានទីលំនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CX-9947 ។
បើតាមសម្ដីកុមារារងគ្រោះខាងលេីបានរៀបរាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូហុងដាឌ្រីមសង់ខាងលើជារបស់ឪពុក ជូនបងប្អូនត្រលប់ទៅផ្ទះវិញហើយ នៅពេលជិះមកវិញក៏ឆ្លៀតចូលទៅឈប់ម៉ូតូអង្គុយជជែកគ្នាលេងជាមួយមិត្តភក្តិ២នាក់ទៀត នៅជិតព្រះវិហារវត្តកំសាន្តកើតហេតុខាងលើ ខណៈពេលកំពុងអង្គុយលើម៉ូតូជជែកគ្នាលេង ស្រាប់តែលេខមុខជនសង្ស័យម្នាក់ ប្រដាប់ដោយដុំថ្ម មិនដឹងដើរថ្មើជើងពីណាមកទេ បានមកធ្វើសកម្មភាពគប់ដុំថ្ម សំដៅមកលើពួកគេ តែមិនបណ្ដាលឲ្យត្រូវពួកគេឡើយ ធ្វើឲ្យពួកគេមានការភិតភ័យក៏នាំគ្នារត់ចេញឆ្ងាយពីម៉ូតូយករួចខ្លួនសិន ទើបជនសង្ស័យរត់ឡើងជិះម៉ូតូឌ្រីមសង់របស់កុមារារងគ្រោះ រួចកាច់សោបញ្ឆេះជិះរត់ចេញពីកន្លែងកើតហេតុ ទៅទិសខាងជើងវត្តកំសាន្ត តាមបណ្ដោយផ្លូវបេតុង បំណងគេចខ្លួន តែកុមារារងគ្រោះ និងមិត្តភក្តិ២នាក់ទៀតបានរត់មកយកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតរបស់មិត្តភក្ដិកុមារារងគ្រោះដែលទុកក្បែរគ្នានោះ រួចជិះដេញតាមពីក្រោយជនសង្ស័យ និងស្រែកឆោឡោ “ចោរៗ” ធ្វើឲ្យជនសង្ស័យជិះម៉ូតូរបស់កុមារារងគ្រោះទាំងភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញតាមពីក្រោយ រហូតដឹងដល់កម្លាំងនគរបាលប៉ុស្តិ៍និរោធ ចេញអន្តរាគមន៍ប្រដេញតាមរហូតដល់ផ្លូវបេតុង ជិតវត្តប្រជុំវង្ស ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់ជនសង្ស័យបាន រួចកម្លាំងប៉ុស្តិ៍នគរបាលនិរោធ បាននាំជនសង្ស័យមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលនិរោធតែម្ដង ។
បន្ទាប់ពីសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ជនរងគ្រោះរួចយកម៉ូតូជិះរត់គេចខ្លួនពិតមែន ដោយសារតែដាច់លុយខ្លាំងពេក តែប៉ះចំថ្ងៃសយ យកម៉ូតូបានហើយជិះរត់មិនរួចក៏ត្រូវប្រជាពលរដ្ឋនិងនគរបាលឃាត់រូបគេបានតែម្ដង ។
បច្ចុប្បន្នជនរងគ្រោះបានហៅឪពុកម្ដាយមកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំណែកឯជនសង្ស័យវិញក្រោយពីសួរនាំដឹងរឿងហេតុហើយ ត្រូវបានកម្លាំងប៉ុស្តិ៍និរោធ ប្រគល់ឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នាំយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត