អ្នកមានបំណងមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ មុនចូលទឹកដីខេត្តសៀមរាបត្រូវស្កេន QR Code ជាមុនសិន
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេស៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយស្រុកជីក្រែង ខេត្តសៀមរាប ទាំងអស់ឲ្យបានជ្រាបថា៖

យើងបានរៀបចំកន្លែង ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឲ្យអនុវត្តការស្កេន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩” ដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ៖
១. សូមបងប្អូនដែលមានទូរស័ព្ទដៃទំនើប (smart phone) ពេលដល់ច្រកត្រួតពិនិត្យ សូម Scan រួចអាចធ្វើដំណើរបន្តបាន (ក្នុងករណីមិនមានការសង្ស័យ)
២. ករណីមិនមាន ទូរស័ព្ទដៃទំនើប (smart phone) នឹងមានក្រុមការងារស្រង់ទិន្នន័យ បើបងប្អូនប្រជាពលរដ្ឋ មិនមានពាក់ព័ន្ធ នឹងកន្លែងដែលមានហានិភ័យខ្ពស់ទេ គឺអាចធ្វើដំណើរតាមធម្មតាបាន។
ដូចនេះ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន និងសូមបងប្អូនមេត្តាយោគយល់ ចំពោះកិច្ចការនេះ ដែលនឹងអាចធ្វើអោយបងប្អូន មានការយឺតយាវក្នុងការធ្វើដំណើរមកកាន់ខេត្តសៀមរាប។ យើងការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩។
