ប្រទេសថៃមានការចុះថយនូវចំនួនករណីថ្មីនៃជំងឺកូវីដ១៩ ដោយមានតែករណីថ្មីចំនួន ៣៩ករណី ប៉ុណ្ណោះនៅថ្ងៃនេះ
- BY
- autoadmin
- March 10, 2021
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩ករណី ដោយបូករួមទាំងករណីចំនួន ៥ ដែលនាំចូលមកពីបរទេស។ ក្នុងចំណោមអ្នកជំងឺ COVID-19 ថ្មីទាំងអស់ មានអ្នកជំងឺចំនួន ២១នាក់ បានទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ ដែលធ្វើឱ្យពួកគេងាយស្រួលក្នុងការឆ្លងជំងឺនេះ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់គឺនៅតែមាន ៨៥ នាក់ដដែល។

ខេត្តសាមុតសាខននៅតែនាំមុខគេលើចំនួនឆ្លងថ្មី ដោយបានរកឃើញអ្នកឆ្លងថ្មីចំនួន ១១នាក់ ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅខេត្តតាក ផាថុមថានី អយុធ្យា អាំងថង និងទីក្រុងបាងកក។ គិតត្រឹមថ្ងៃពុធនេះប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៦,៥៤០នាក់ ដោយមានអ្នកជំងឺ ២៣,៦៥៧ នាក់ ជាការចម្លងក្នុងសហគមន៍។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ ២៥,៩៤៦នាក់ បានជាសះស្បើយ ខណៈអ្នកជំងឺ ៥០៩នាក់ នៅកំពុងសម្រាកព្យាបាលនៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






