លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់លំអិតពីស្ថានភាពវាយលុករបស់វិរ៉ុស កូវីដ-១៩ ទៅលើបុរសខ្មែរម្នាក់ តាំងពីថ្ងៃព្យាបាលដំបូង រហូតដល់ថ្ងៃទទួលមរណភាព
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ជនជាតិខ្មែរម្នាក់មានអាយុ៥០ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹកមិញនេះ។

ក្នុងនោះដែរបើតាមបទសម្ភាសន៍ផ្ទាល់របស់លោកជំទាវ ឱ វណ្ណឌីន ជាមួយស្ថានីយទូរទស្សន៍ BTV បានអោយដឹងលំអិតពីស្ថានភាពវិវឌ្ឍន៍នៃវិរ៉ុសកូវីដ-១៩ រហូតធ្វើអោយបុរសជនជាតិខ្មែរ វ័យ៥០ឆ្នាំម្នាក់បានទទួលមរណភាព។ លោកជំទាវ បានបញ្ជាក់ថា៖ បុរសដែលទទួលមរណភាព និងជាករណីទី១ នៅកម្ពុជានេះគឺគាត់បានរកឃើញថាឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលទ្ធផលបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចាក់អង្រែ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ គាត់ក៏មានការវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ ដោយស្ថានភាពរបស់គាត់ហត់ខ្លាំង ដូច្នេះក្រុមគ្រូពេទ្យក៏បានបញ្ជូនគាត់មកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

មកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យដោយធ្វើការថតសួតរបស់គាត់ ហើយបានបង្ហាញលទ្ធផលអោយឃើញថា សួតរបស់គាត់មានបញ្ហាទាំងសងខាងតែម្តង ដែលធ្វើអោយគាត់មានកង្វះអុកស៊ីសែន ដើម្បីដកដង្ហើម។ លោកជំទាវបានបញ្ជាក់ផងដែរថា ដោយសារតែសួតរបស់គាត់រលាកទាំងសងខាង ធ្វើអោយគាត់កង្វះអុកស៊ីសែន ក្នុងការដកដង្ហើម ហើយក្រុមគ្រូពេទ្យក៏បានធ្វើសង្គ្រោះនិងប្រើបច្ចេកវិទ្យា ក៏ដូចជាបច្ចេកទេសអស់ពីលទ្ធភាព និងសមត្ថភាពផងដែរ តែស្ថានភាពជំងឺរបស់គាត់ វិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅៗ។ លុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ការវិវឌ្ឍន៍នៃវិរ៉ុសកូវីដ-១៩ បានវាយលុកកាន់តែធ្ងន់ធ្ងរទៅៗ ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់នូវបច្ចេវិទ្យាចុងក្រោយ ដែលប្រទេសនៅលើពិភពលោក គេបានប្រើប្រាស់ដូចគ្នា មកធ្វើការជួយសង្គ្រោះគាត់ ប៉ុន្តែដោយសារស្ថានភាពនៃការវាយលុករបស់ វិរ៉ុសកូវីដ-១៩ វាលឿន ទើបធ្វើអោយសរីរាង្គគាត់ទ្រាំទ្រមិនបាន ទើបនៅវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកជំងឺបានទទួលមរណកាលទៅតែម្តង៕
