អូស្ត្រាលីរាយការណ៍ពីករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ២សប្ដាហ៍
- BY
- autoadmin
- March 13, 2021
ប្រទេសអូស្រ្តាលីនៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងមូលដ្ឋានជាលើកដំបូងក្នុងរយៈពេលជាង ២សប្តាហ៍ បន្ទាប់ពីវេជ្ជបណ្ឌិតម្នាក់បានវិជ្ជមានជាមួយជំងឺនេះ ហើយជាលទ្ធផលតំបន់នៅទីនោះត្រូវស្ថិតក្រោមការរឹតត្បឹត។ នាយករដ្ឋមន្រ្តីរដ្ឋ Queensland លោក Annastacia Palaszczuk បាននិយាយថា កាលពីសប្ដាហ៍មុនវេជ្ជបណ្ឌិតរូបនោះ បានព្យាបាលអ្នកជំងឺចំនួន ២នាក់ ដែលទើបតែវិលត្រឡប់មកអូស្ត្រាលីវិញ ហើយពួកគេបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ដែលបំលែងខ្លួននៅអង់គ្លេស។

អាជ្ញាធរបាននិយាយថា នៅថ្ងៃដែលអ្នកជំងឺទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកការព្យាបាល (ពេលមិនទាន់ដឹងថាមានជំងឺ COVID-19) អ្នកគ្រូពេទ្យរូបនោះគឺកំពុងប្រចាំការនៅទីនោះស្រាប់ ហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថា មានអ្នកជំងឺប៉ុន្មាននាក់ដែលអ្នកគ្រូបានពិនិត្យជំងឺឱ្យនោះទេ។ ឥឡូវនេះអ្នកគ្រូពេទ្យបានចេញរោគសញ្ញាខ្លះៗ ហើយអាជ្ញាធរកំពុងតាមដានរកអ្នកដែលបានទៅជួបគាត់ផ្ទាល់។ យ៉ាងណាមិញទំហំនៃការរីករាលដាលប៉ុនណានៅមិនទាន់ច្បាស់ទេ ប៉ុន្តែរាល់មន្ទីរពេទ្យនៅក្នុងតំបន់នោះ គឺមិនអនុញ្ញាតឱ្យមានអ្នកដំណើរចូលសួរសុខទុក្ខអ្នកជំងឺនោះឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






