ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូវីដ១៩នៅថៃស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ៤០១នាក់ និងបាត់បង់ជីវិត ១នាក់

    BY Pheakdey March 23, 2021
    កូវីដ១៩នៅថៃស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ៤០១នាក់ និងបាត់បង់ជីវិត ១នាក់

    ថៃ៖ នៅថ្ងៃអង្គារ ទី ២៣ មីនា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មី ចំនួន ៤០១​ ករណី និងរកឃើញអ្នកស្លាប់ ១ ករណីទៀតផង ដែលការរកឃើញចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃដ៏ច្រើននេះបានធ្វើគេបារម្ភថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានកក្រើកឡើងវិញគួរឲ្យកត់សម្គាល់ហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមាន ៣៣៧ ករណីជាការចម្លងនៅក្នុងសហគមន៍ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក  ករណីឆ្លងចំនួន ៤៦ ករណី បានរកឃើញនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសថៃ និង ១៨ ករណីបានរកឃើញចំពោះអ្នកដំណើរអន្តរជាតិដែលជាករណីនាំចូលពីបរទេស។

    បើយោងតាមអាជ្ញាធរថៃបានបញ្ជាក់ថា ករណីនាំចូលពីប្រទេសទាំង ១៨ នោះគឺបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរមកពី​ប្រទេសអង់គ្លេសចំនួន ២ ករណី ប្រទេសក្រិច ១ ករណី ប្រទេសប៊ែលហ្ស៊ីក ១ ករណី ប្រទេសហូឡង់ ១ ករណី ប្រទេសអារ៉ាប់រួម ១ ករណី ប្រទេសប៉ាគីស្ថាន ១ ករណី ប្រទេសក្រូអាត ១ ករណី ប្រទេសស៊ីរី ១ ករណី ប្រទេសមីយ៉ាន់ម៉ា ១ ករណី ប្រទេសកាតា ៤ ករណី ប្រទេសអេត្យូពី ១ ករណី ប្រទេសម៉ាឡេស៊ី ២ ករណី និងប្រទេសទុយនេស៊ី ១ ករណីផងដែរ។ ដោយឡែកចំពោះករណីស្លាប់វិញគឺបានឃើញចំពោះបុរសជនជាតិថៃម្នាក់មានអាយុ ៧៥ ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក ហើយរូបគាត់ក៏មានជំងឺលើសឈាម ជំងឺបេះដូង និងជំងឺរង្វេងវង្វាន់ប្រចាំខ្លួនផងដែរ។ សូមបញ្ជាក់ថា គិតមកកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២៨ ២៧៧ ករណី និងស្លាប់សរុបចំនួន ៩២ ករណី ខណៈអ្នកជំងឺចំនួន ៩៤,៦៦ % ត្រូវបានព្យាបាលឲ្យជាសះស្បើយវិញអស់ហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: