សុទ្ធតែស្រវឹងស្រឿងៗរៀងខ្លួន! ឈ្លោះគ្នាបែកផ្សែង ដោយសារតែរឿងស៊ីផ្លេច្រើនដងពេក រហូតផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ឈ្លោះគ្នាបែកផ្សែងរហូតប្រតាយប្រតប់គ្នាផ្អើលប៉ូលិសនាំទៅប៉ុស្តិ៍ទាំងកណ្ដាលយប់ ដែលផ្ដើមចេញពីរឿងកង់បីឥណ្ឌាបើកមកស៊ីផ្លេច្រើនដងពេក ធ្វើឲ្យយុវជនដែលកំពុងជិះម៉ូតូឌុបនារី២នាក់ទៀតម្នាក់ជាសង្សារ ក៏ខឹងជិះតាមទៅសួរនាំ រហូតខាងកង់បីឥណ្ឌាកៀរម៉ូតូបណ្ដាលឲ្យដួល ហើយជិះចេញទៅក៏ត្រូវខាងម៉ូតូជិះតាមទៅឃាត់បានវិញ ដោយទាំងសងខាងសុទ្ធតែស្រវឹងស្រឿងៗរៀងខ្លួន បានចោទគ្នាទៅវិញទៅមករកខុសត្រូវមិនឃើញ រហូតកើតមានហិង្សាប្រតាយប្រតប់គ្នា ផ្អើលដល់ប៉ូលិសខណ្ឌទួលគោក ចេញអន្តរាគមន៍នាំទៅសាកសួរ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង០០:៥០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៥៩២ កែងផ្លូវ៣១៣ ខាងលិចស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ (ប្រហែល៣០ម៉ែត្រ) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ Scoopy ពណ៌ស (មិនចាំស្លាកលេខមួយគ្រឿង) ឌុបនារី២នាក់ មានម្នាក់ជាសង្សារ ខណៈពេលធ្វើដំណើរបត់មកតាមផ្លូវ ស្រាប់តែមានបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1AF-0576 បានបើកមកពីក្រោយ ហើយបានចុចស៊ីផ្លេច្រើនដង ធ្វើឱ្យភាគីខាងម៉ូតូខឹង ក៏ជិះម៉ូតូតាមទៅសួរនាំ ហេតុអ្វីចាំបាច់ចុចស៊ីផ្លេច្រើនដងម៉្លេះ ហើយខាងកង់បីក៏តបវិញ ក៏ទាស់សម្ដីគ្នាឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលដល់សមត្ថកិច្ចចុះទៅបំបែកគ្នាម្ដងរួចមកហើយ ក៏ជិះតាមទៅឈ្លោះប្រកែកគ្នាតាមផ្លូវទៀត ដោយភាគីទាំងសងខាងសុទ្ធតែស្រវឹងស្រឿងៗរៀងខ្លួន ។
ប្រភពបន្តថា ខណៈពេលជិះដេញតាមប្រកែកគ្នា ស្រាប់តែកង់បីឥណ្ឌាកៀរម៉ូតូបណ្ដាលឲ្យដួលរងរបួស បុរសជាសង្សារ ហើយកង់បីឥណ្ឌាក៏បើកចេញទៅ ក៏ត្រូវភាគីខាងម៉ូតូជិះតាមទៅឃាត់បានវិញ នៅចំណុចកើតហេតុខាងលើ ហើយចោទគ្នាទៅវិញទៅមករកខុសត្រូវមិនឃើញ រហូតកើតមានហិង្សាប្រតាយប្រតប់គ្នា បង្កការផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២ ចេញអន្តរាគមន៍ ចុះទៅសួរនាំភាគីទាំងសងខាង រួចនាំទៅសាកសួរ និងសម្របសម្រួលនៅស្នាក់ការប៉ុស្តិ៍ផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ ដើម្បីសួរនាំដំណើររឿងហេតុអោយច្បាស់សិន និងធ្វើការសម្របសម្រួលគ្នា ហើយភាគីទាំងសងខាងក៏មិនចង់វែងឆ្ងាយក៏យល់ព្រមបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ច ដោយមិនមានអ្នកណាខុសឬអ្នកណាត្រូវឡើយ គឺស្មើគ្នាទៅផ្ទះវិញរៀងខ្លួន ៕

ដោយ៖ បងម៉េង ខ្មែរណូត