ថ្ងៃនេះ ក្រសួងរកឃើញកុមារ និងទារក ចំនួន៤នាក់បានឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៩នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៩នាក់នោះ គឺ មាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ២៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង២៩នាក់នេះ ក៏មានកុមារ០៤នាក់ផងដែរ រួមមាន៖
១-កុមារីជនជាតិខ្មែរ អាយុ ០៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំញាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល
២- ទារិកាជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣- កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤- កុមារាជនជាតិខ្មែរ អាយុ ០៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
