រថយន្ត

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងបើកការកក់រថយន្តប្រភេទអគ្គិសនីមុនការចេញលក់ជាផ្លូវការ

BY
autoadmin
March 26, 2021

តាមការចុះផ្សាយរបស់សារព័តមាន Vietnam Insider កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ពេលនេះគឺកំពុងបើកទទួលការកក់រថយន្តប្រភេទអគ្គិសនីរបស់ខ្លួន (EV) ជាមួយនឹងតម្លៃកក់ ១០ លានដុង ឬ ៤៣២ ដុល្លារអាមេរិក ហើយទឹកប្រាក់កកទាំងនោះនឹងត្រូវប្រគល់ជូនវិញ ប្រសិនបើការកក់រថយន្តនេះត្រូវបានលុបចោល។ VinFast នឹងមានគម្រោងបើកឱ្យអតិថិជនខ្ចីអាគុយអគ្គិសនី ដាច់ដោយឡែកពីការទិញរថយន្តអគ្គិសនីរបស់ពួកគេផងដែរ។

វាមានគោលបំណងកាត់បន្ថយការចំណាយសម្រាប់អតិថិជន ដែលនឹងទិញរថយន្ត EV របស់ពួកគេ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនទទួលខុសត្រូវលើហានិភ័យទាំងអស់ ទាក់ទងនឹងគុណភាព និងអាយុកាលរបស់អាគុយរថយន្ត។ ក្រុមហ៊ុនក៏កំពុងព្យាយាមធ្វើការបន្ថែមទៀត ដើម្បីអាចបង្កើតជាប្រព័ន្ធសាកអាគុយសម្រាប់រថយន្តអគ្គិសនីចំនួន ៤០,០០០ ទីតាំង នៅទូទាំងប្រទេសវៀតណាម ត្រឹមចុងឆ្នាំ២០២១នេះផ្ទាល់។

ក្រុមហ៊ុន VinFast ក៏គ្រោងនឹងផលិតរថយន្តក្រុង និងម៉ូតូអគ្គិសនីនៅឆ្នាំនេះ ខណៈដៃគូសម្រាប់ការផលិតអាគុយរបស់ពួកគេ គឺជាក្រុមហ៊ុន ProLogium របស់តៃវ៉ាន់។ VinFast ក៏ទើបតែបានក្លាយជាក្រុមហ៊ុនទី៥៧ ដែលទទួលបានច្បាប់អនុញ្ញាតសម្រាប់រថយន្តបើកបរដោយខ្លួនឯងពីរដ្ឋ California របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: