ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ទទួលមរណភាពពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារស្ទះសរសៃឈាមបេះដូង តែត្រូវបូជាតាមវិធានសុខាភិបាល ព្រោះរកឃើញថាមានវិជ្ជមានកូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មុននេះបន្តិចបានអោយដឹងថា ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅគេហដ្ឋានរបស់សព។

បើតាមការបញ្ជាក់របស់ក្រសួងបានបន្តអោយដឹង ស្ត្រីខាងលើជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១មកម្លេះ ហើយគាត់មានជំងឺលើសម្ពាធឈាមប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ គាត់កំពុងពិសារបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ ក្រុមគ្រួសារបានជួយសង្គ្រោះដោយធ្វើចលនាបេះដូងមួយសន្ទុះ គាត់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់នៅគេហដ្ឋានរបស់គាត់តែម្តង។ ក្រោយទទួលបានដំណឹងក្រុមឆ្លើយតបបន្ទាន់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅយកសំណាករបស់សព និងរកឃើញថាសពមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃដដែល។
ក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ចែងបូជាសពតាមវិធានសុខាភិបាល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើបានស្លាប់បាត់បង់ជីវិតដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ៕
