Breaking News ! បុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ
នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺជនជាតិកូរ៉េ ម្នាក់អាយុ៤៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១៣:៣០នាទីរសៀល។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺ ជនជាតិកូរ៉េ អាយុ៤៨ឆ្នាំខាងលើ រស់នៅ BELLA VITA APARTMENT ផ្លូវលេខ ៥១ ដោយបុរសខាងលើបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ លទ្ធផលសំណាករបស់គាត់ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១:១៥នាទីយប់។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកព្យាបាលដំបូង ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៣:៣០នាទី។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺបុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ ខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
