ក្រសួងធនធានទឹក ប្រកាសឲ្យប្រុងប្រយ័ត្ន ដោយសារទឹកឡើងហួសកម្រិតប្រកាសអាសន្ន
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងមួយទាក់ទងនឹងស្ថានភាពទឹកជំនន់ទន្លេនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹកបានឲ្យដឹងថា កាលពីថ្ងៃទី៦ សីហា មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើននៅតំបន់ខ្ពង់រាបភាគឦសាន និងនៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេសេកុងទន្លេសេសាន និងទន្លេស្រែពក ដែលបានបង្កឲ្យទឹកទន្លេទាំងបីនេះ ហក់ឡើងបន្តិចបន្តួច ប៉ុន្តែថ្ងៃ ៧ សីហា ភ្លៀងបានបន្តធ្លាក់ នៅតំបន់ប៉ាក់សេ ប្រទេសឡាវ ក្នុងកម្រិត ១២៣មីលីម៉ែត្រ តែផ្ទៃដីដែលទទួលរបាយទឹកភ្លៀងនេះ មានទំហំតូច ពោលគឺភ្លៀងបានធ្លាក់គ្រប់ដណ្តប់ ទៅលើទីប្រជុំជនប៉ាក់សេប៉ុណ្ណោះ។
ក្រៅពីស្ថានភាពភ្លៀង នៅទីតាំងទាំងពីរខាងលើ បច្ចុប្បន្នមានប្រព័ន្ធសម្ពាធទាបមួយ បាននឹងកំពុងអូសកាត់អាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ប៉ុន្តែប្រព័ន្ធសម្ពាធទាបនេះ នៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានភ្លៀងធ្លាក់ តែក្នុងកម្រិតពីតិច ទៅមធ្យមប៉ុណ្ណោះ។
ស្របពេលដែលស្ថានភាព អាកាសធាតុបែបនេះ ក្រសួងធនធានទឹក បានព្យាករណ៍ថា ស្ថានភាពទឹកជំនន់ទន្លេកម្ពុជា នឹងមានការប្រែប្រួល ក្នុងរយៈពេល១ទៅ៤ថ្ងៃខាងមុខ ក្នុងនោះ៖
+ ខេត្តស្ទឹងត្រែងទឹកនឹងកើនឡើង ដល់កម្ពស់ ១០,៧៩ ម៉ែត្រ ក្នុងរយៈពេល ១ ឬ ២ ថ្ងៃទៀត ដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រ។
+ នៅខេត្តក្រចេះ ទឹកនឹងឡើងដល់កម្ពស់ ១១,៩៦ ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ២២,00 ម៉ែត្រ) ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃទៀត។
+ នៅខេត្តកំពង់ចាម ទឹកនឹងឡើងដល់ កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ឲ្យប្រុងប្រយ័ត្ន ១៦,២០ ម៉ែត្រ ក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃខាងមុខ។
+ ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត។
+ បឹងទន្លេសាប ទឹកមានកម្ពស់ ៥,៣៣ ម៉ែត្រ នៅមានលទ្ធភាពស្រូបយក ទឹកជំនន់បានច្រើនទៀត។
តាមរយៈការព្យាករណ៍ស្ថានភាព ជំនន់ទន្លេ ក្រសួងធនធានទឹក បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សេម