ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្យល់កន្ត្រាក់វាយប្រហារបំផ្លាញតូបលក់ទំនិញជាង៦០តូប និងផ្ទះ​ប្រជាពលរដ្ឋ១៥ខ្នង នៅ​ក្រុងប៉ោយប៉ែត

    BY Khmernote Media April 5, 2021
    ខ្យល់កន្ត្រាក់វាយប្រហារបំផ្លាញតូបលក់ទំនិញជាង៦០តូប និងផ្ទះ​ប្រជាពលរដ្ឋ១៥ខ្នង នៅ​ក្រុងប៉ោយប៉ែត

    ក្រុងប៉ោយប៉ែត៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មានតូបលក់ទំនិញជាង ៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើមស្រល់ ជាប់អគារ PARAMAX ភូមិក្បាល ស្ពាន១ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៥ខ្នងទៀត នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងការខូចខាតដោយសារការវាយប្រហារពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

    ក្រោយបាតុភូតគ្រោះមហន្តរាយធម្មជាតិនេះភ្លាមៗ​លោក ង៉ោ ម៉េងជ្រួន អភិបាលរង ​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និងក្រុមការងារ បានចុះពិនិត្យដល់ទីតាំង ដែលបានរងការខូចខាតដោយសារឥទ្ធិពលភ្លៀងមួយមេធំ លាយ ឡំខ្យល់កន្រ្តាក់ដែលបានបោកបំបាក់​ផ្សារចំណុចដើមស្រល់នេះ ស្ទើររាបស្មើដីនោះ។ ក្នុងឱកាសនោះ​លោក ង៉ោ ម៉េងជ្រួន បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតតូបលក់ដូរ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់​ជួបប្រទះនោះឡើយ។​​

    លោកអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា ក្រោយពេលកើតហេតុ គ្រោះធម្មជាតិនេះភ្លាម អាជ្ញាធរដែនដីរួមនឹងក្រុមការងារបានអន្តរាគមន៍ចុះភ្លាមៗ ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដើម្បីជួយសម្រួលដល់ការលំបាក និងបញ្ហា ប្រឈមនានារបស់ពួកគាត់នោះ។

    ជាមួយនោះអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ក៏បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋយើង សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ផ្គររន្ទះ ខ្យល់ កន្ត្រាក់ ត្រូវប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិតនោះ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: