តុលាការថៃផ្តន្ទាទោសអតីតព្រះសង្ឃកំហូចហាយក្លាស មានសុទ្ធតែយន្តហោះផ្ទាល់ខ្លួន ឲ្យជាប់គុករហូតដល់ជាង១០០ឆ្នាំ
ថៃ៖ អតីតព្រះសង្ឃថៃ ដែលបានបង្ហាញជីវិតដ៏ហ៊ឺហាមានរហូតដល់យន្តហោះផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៣ នោះ ពេលនេះត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១១៤ ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញថា គាត់បានប្រព្រឹត្តបទល្មើសជាច្រើនករណី។ អតីតសង្ឃកំហូចអង្គនេះមានព្រះនាម Wirapol Sukphol និងមានឈ្មោះដើមពេលមិនទាន់បួសជាសង្ឃថា Luang Pu Nenkham។
តាមការចោទប្រកាន់របស់តុលារថៃអតីតសង្ឃអង្គនេះ បានប្រព្រឹត្តបទល្មើសជាច្រើនដូចជា ឆបោកប្រាក់អ្នកដទៃ លាងលុយកខ្វក់ បទល្មើសតាមបណ្តាញអ៊ីនធឺណិត (បង្ហោះព័ត៌មានក្លែងក្លាយ) រួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ប្រព្រឹត្តិបទល្មើសលើព្រះសង្ឃ និងក្មេងស្រីជាច្រើននាក់ រួមជាមួយនឹងបទល្មើសផ្សេងៗជាច្រើនករណីទៀត។ យ៉ាងណាក្តី តុលាការនឹងសម្រេចឲ្យអតីតសង្ឃអង្គនេះទទួលតែ ២០ ឆ្នាំ ប៉ុណ្ណោះ និងសល់ប៉ុន្មានទៀតគាត់អាចទទួលទោសដោយនៅក្រៅឃុំបាន។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ២០១៣ សង្ឃកំហូចអង្គនេះបានថតរូប និងបង្ហោះក្នុងបណ្តាញសង្គមដោយបង្អួតពីជីវិតហ៊ឺហារបស់គាត់ ដែលធ្វើឲ្យផ្ទុះមតិរិះគន់ពេញប្រទេស ហើយចាប់ពីពេលនោះមកទើបគេបើកការស៊ើបអង្កេត និងឈានដល់ការចាប់ខ្លួនគាត់តែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia