កូវីដ-១៩ អន្តរជាតិ

ប្រទេសថៃមានការកើនឡើងនូវករណីកូវីដ១៩ថ្មី ដោយបានរកឃើញអ្នកឆ្លងថ្មីបន្ថែម ១៩៤នាក់ ដែលភាគច្រើនជាករណីក្នុងសហគមន៍

BY
autoadmin
April 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីបន្ថែមចំនួន ១៩៤ករណី ដោយក្នុងនោះភាគច្រើនជាករណីក្នុងសហគមន៍ ហើយមានតែ ១២ នាក់ប៉ុណ្ណោះ ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ២៩,៣២១ ករណី ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេសម្រាប់ដើមសប្ដាហ៍នេះ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៩៥ នាក់ដដែល។

គិតចាប់តាំងពីប្រទេសថៃមានករណីជំងឺ COVID-19 កាលពីឆ្នាំមុន ប្រទេសនេះមានអ្នកជំងឺសរុបចំនួន ២៩,៣២១ ករណី ហើយមានអ្នកជំងឺចំនួន ២៧,៨៤០ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ខណៈអ្នកជំងឺ ១,៣៨៦ នាក់ កំពុងទទួលការព្យាបាលនៅឡើយ។ ចំណែកទូទាំងពិភពលោកវិញ មានការកើនឡើងករណីឆ្លងថ្មីចំនួន ៥៣៤,៨៥៦ ករណី និងការស្លាប់ថ្មីចំនួន ៦,៧៤២ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបចំនួន ១៣១.៩ លាននាក់ និងការស្លាប់សរុបចំនួន ២.៨៦ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: