រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា រកឃើញស្ត្រីពោះធំ ២នាក់ បានឆ្លងកូវីដ១៩ នៅខេត្តពោធិ៍សាត់
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា យោងលទ្ធផលពិនិត្យសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមេត្តាជ្រាបថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានលទ្ធផលពិនិត្យ សំណាកពីវិទ្យាស្ថានសុខភាពសាធារណៈឃើញថា មានបងប្អូនពលករ និងប្រជាពលរដ្ឋចំនួន ៣ នាក់ មានលទ្ធផលវិជ្ជមានកូវីដ១៩ ដែលមានសាវតាដូចខាងក្រោម៖

១- ឈ្មោះ ថូន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ មានផ្ទៃពោះ ៩ ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស កំបូល ធ្វើការរោងចក្រផលិតខ្សែភ្លើង បានមក ដល់ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំង យកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។
២- ឈ្មោះ ណាង ស្រីនិត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ជាពលករមកពី ខេត្តព្រះសីហនុ ចំណុចអូរ៥ អ្នកនៅជាមួយផ្ទះឧកញ៉ា ឆេង វុទ្ធី មានផ្ទៃពោះ ៦ ខែ បានមកដល់ខេត្តពោធិ៍សាត់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំងយក
សំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខ ភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។
៣- ឈ្មោះ ជាន សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្រសាំបៅ ឃុំក្រពើរពីរ ស្រុកលវែងជាអ្នកដែលបាន ប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ មាស សម្បត្តិ ជាអ្នកមកពីខេត្តកណ្តាល ដែលកំពុងធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលពិនិត្យសំណាក ដែលបានចូលធ្វើចត្តាឡីស័កថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កប្រម៉ោយ យកសំណាកពិនិត្យថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានកូវីដ១៩។
