ចិនអាចនឹងអនុវត្តច្បាប់គ្រួសារមួយអាចមានកូន៣នាក់ នៅឆ្នាំក្រោយនេះ
ចិន៖ ខណៈដែលឆ្នាំថ្មីដែលតំណាងដោយសត្វជ្រូកនឹងឈានចូលមកដល់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាភិបាលចិនកំពុងតែរៀបចំកម្មវិធីទទួលឆ្នាំតំណាងដោយសត្វជ្រូកនេះយ៉ាងគគ្រឹកគគ្រេង។ សកម្មភាពមួយដែលធ្វើប្រជាជនចិន និងជាពិសេសគឺក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាប់អារម្មណ៍នោះគឺកម្មវិធី “គ្រួសាររីករាយ” ដែលក្នុងកម្មវិធីនេះរដ្ឋាភិបាលបានដាក់ចេញនូវផ្ទាំងរូបភាព និងតែមសម្រាប់បិទ ដែលមានរូបសត្វជ្រូកធំៗចំនួន ២ (តំណាងឲ្យម្តាយឪពុក) និងរូបកូនជ្រូកចំនួន ៣ (តំណាងឲ្យកូនៗ)។
ការកត់សម្គាល់ទៅលើចំនួនសត្វជ្រូកនៅក្នុងរូបភាពនោះ បានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា រដ្ឋាភិបាលចិនអាចនឹងអនុញ្ញាតឲ្យប្រជាជនខ្លួនមានកូនចំនួន៣នាក់នៅឆ្នាំក្រោយនេះ។ គួរំលឹកជូនថា ចាប់តាំងពីឆ្នាំ ១៩៧៩ ចិនបានអនុវត្តគោលនយោបាយកូនទោស ដែលអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនតែម្នាក់ប៉ុណ្ណោះ។ ក្រោយមកនៅចុងឆ្នាំ ២០១៥ រដ្ឋាភិបាលចិនបានកែប្រែច្បាប់ដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូន២នាក់។ ហើយគេនៅចាំបានថា ឆ្នាំនោះគឺត្រូវចំឆ្នាំតំណាងដោយសត្វស្វា ហើយមុខពេលរដ្ឋាភិបាលចេញច្បាប់អនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនពីរនាក់នោះ រដ្ឋាភិបាលបានដាក់ចេញនូវរូបភាព និងតែម ដែលមានរូបសត្វស្វា ២ (តំណាងឲ្យឪពុកម្តាយ) និងរូបកូនស្វា ២ (តំណាងឲ្យកូនៗ) ផងដែរ។ តាមរយៈបទពិសោធណ៍នេះហើយ ទើបគេវិភាគថា នៅឆ្នាំក្រោយនេះរដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យគ្រួសារមួយអាចមានរហូតដល់ទៅ ៣ នាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC