កូវីដ-១៩

កើនឡើងខ្លាំងមែនទែន! ថ្ងៃអង្គារនេះ ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៦៥នាក់ ខណៈវាជាថ្ងៃទី៣ហើយដែលប្រទេសនេះមានករណីថ្មីជិត ១,០០០នាក់

BY
autoadmin
April 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩៦៥ករណី ប៉ុន្តែមានតែ ៩ករណី ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាតកាលពីឆ្នាំមុនមានដល់ ៣៤,៥៧៥ ករណី។ ថ្ងៃនេះ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅមាន ៩៧ នាក់ដដែល តែយ៉ាងណានេះជាថ្ងៃទី៣ ជាប់ៗគ្នាមកហើយ ដែលប្រទេសថៃមានករណីថ្មីជាង ៩០០ ករណី នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។

ខេត្តឈៀងម៉ៃបាននាំមុខគេនៅក្នុងរបាយការណ៍ថ្ងៃនេះ ជាមួយនឹងករណីថ្មីចំនួន ២៥១ ហើយបន្ទាប់មកគឺទីក្រុងបាងកកមានចំនួន ១៩៤ករណី, ខេត្តឈុនបូរីមាន ៩៧ករណី  និង Prachuap Khiri Khan មានចំនួន ៧៣ ករណី។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ COVID-19 ចំនួន ៤០នាក់ បានជាសះស្បើយ និងរំសាយពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។

គិតត្រឹមថ្ងៃអង្គារនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងសរុបដល់ ៣៤៥៧៥ ហើយក្នុងចំណោមនោះមាន ៣១,៣៦៣ នាក់ ជាការចម្លងក្នុងសហគមន៍ ដោយក្នុងនោះមាន ១៨,១៧៩ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាក ខណៈ ៣,២១២ នាក់ ជាអ្នកត្រឡប់មកពីបរទេសវិញ។ រហូតមកដល់ពេលនេះមានអ្នកជំងឺ ២៨,២៨៨ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ ហើយនៅសល់អ្នកជំងឺចំនួន ៦,១៩០ នាក់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: