ឃើញពលរដ្ឋខ្លួនញៀននឹងអ៊ីនធឺណេតពេក រដ្ឋាភិបាលម៉ាឡេស៊ីនឹងចេញច្បាប់រឹតបន្តឹងការប្រើអ៊ីនធឺណិត គឺអាចប្រើបាននៅចន្លោះម៉ោងនេះប៉ុណ្ណោះ
ម៉ាឡេស៊ី៖ ការសិក្សាថ្មីៗនេះបានរកឃើញថា យុវជនម៉ាឡេស៊ីជាច្រើននាក់បានញៀននឹងការប្រើប្រាស់អ៊ីនធឺណិត ហើយចំនួនអ្នកញៀននឹងការប្រើប្រាស់អ៊ីនធឺណិតនេះទៀតសោធគឺបានកើនឡើងគួរឲ្យកត់សម្គាល់។ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងអនុវត្តច្បាប់រឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមយុវជនក្នុងពេលឆាប់ៗខាងមុខនេះ។ តាមផែនការច្បាប់នេះនឹងមានការឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិត ចំពោះយុវជនដែលមានអាយុក្រោម ១៧ ឆ្នាំ និងមានរយៈពេល រឹតបន្តឹងពីម៉ោង ១២ ព្រឹក ដល់ម៉ោង ៦ ព្រឹកប៉ុណ្ណោះ។
បើយោងតាមលោកវេជ្ជបណ្ឌិត Lee Boon Chye អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រាប់អ្នកសារព័ត៌មាន ការអនុវត្តច្បាប់ខាងលើនេះគឺយកគំរូតាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយគេជឿថាច្បាប់នេះនឹងអាចទប់ស្កាត់ការញៀននឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមយុវជនបាន។ សូមបញ្ជាក់ថា បើយោងតាមការសិក្សាបានរកឃើញថា ម៉ាឡេស៊ីមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជា ២៤,១ លាននាក់ ហើយក្នុងនោះ ៨០ % គឺប្រើប្រាស់អ៊ីនធឺណិតគ្រាន់តែជាការសំសាន្តដូចជាប្រើប្រាស់បណ្តាញសង្គម និងលេងហ្គេមជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz