កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើង

BY
Khmernote Media
April 14, 2021

នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញម្ហូបអាហារ ដោយមិនបានគិតពីហានិភ័យក្នុងការឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរសារនៅក្នុងគ្រុបតេឡេក្រាមថា៖

“ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្តើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ ។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ ដើម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដើម្បីសហគមន៍យើង ។ សូមអរគុណ”

Share This Post: