ចូលរួមរំលែកទុក្ខ! ពលរដ្ឋខ្មែរ ២នាក់ទៀតហើយ បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតបានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ដែលមានដូចខាងក្រោមនេះ៖

១- មន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២ និង២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩មុនពេលចូលមកដល់មន្ទីរពេទ្យ។
២- ការិយាល័យស្រុកប្រតិបត្តិមេគង្គ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង០៥នាទីល្ងាច។ ដោយទទួលបានព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលស្លាប់២ទៅ៣ថ្ងៃ គាត់មានចេញរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសព ដើម្បីធ្វើការវិភាគ នៅថ្ងៃដដែលវេលាម៉ោង ១៨ និង៣០នាទីល្ងាច នៅទីតាំងផ្ទះរបស់សព ជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានកូវីដ១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៧០ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតនៅផ្ទះ ដោយសារជំងឺកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ៕
