លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការវាលុកនៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន និងអំពាវនាវអោយពលរដ្ឋអនុវត្តវិធានការរដ្ឋាភិបាល ជាជាងធ្វើដំណើរទៅរកជ្រោះមរណៈ
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្ញើសារនៅក្នុងគ្រុបតេឡេក្រាម ទៅកាន់មហាជននិងជាការក្រើនរំលឹក ម្តងហើយម្តងទៀតអោយប្រជាពលរដ្ឋបន្តការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដោយត្រូវនៅផ្ទះជាបណ្តោះអាសន្ន ខណៈដែលជំងឺកូវីដ-១៩ កំពុងតែវាយលុកយ៉ាងខ្លាំងនិងសកម្មបំផុតជាពិសេសនៅរាជធានីភ្នំពេញ។

លោកជំទាវ បានបង្ហោះសារថា៖ “ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រើននោះឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជា បណ្តោះអាសន្ន” នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រើននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។
ត្រូវចងចាំថា “ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ” ។
កាលសង្រ្គាម យើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យើងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យើង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា។ សូមអរគុណ បំណងល្អពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាប្រធាន គ.វ.ក-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា”