រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា អាជីវករផ្សារលើប្រមាណ៧០នាក់រកឃើញមានវិជ្ជមានកូវីដ-១៩ និងអំពាវនាវអោយពលរដ្ឋទៅធ្វើតេស្ត បើមានអាការៈសង្ស័យ
តាមការចុះផ្សាររបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថាអាជីវករផ្សារលើប្រមាណ៧០នាក់បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាការៈសង្ស័យដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីកុំអោយមានការចំលងជាបន្តទៀត។ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា៖

“យោងតាមលទ្ធផលតេស្តសំណាកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងចេញលទ្ធផលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួនប្រមាណ៧០នាក់ជាអាជីវករផ្សារលើ ដូច្នេះរដ្ឋបាលខេត្ត សូមណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ត្រូវនៅដាច់ដោយឡែក ពីក្រុមគ្រួសារ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន មិនត្រូវចេញក្រៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចេញចូលផ្សារលើក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ត្រូវនៅក្នុងផ្ទះ និងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ ហើយក្រុមគ្រួសាររបស់បងប្អូន ក៏ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកពីគ្នា ដើម្បីការពារការចម្លងក្នុងចំណោមសមាជិកគ្រួសារ និងអ្នកជិតខាង។
ជាមួយគ្នានេះ សូមបងប្អូនធ្វើការតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ សូមប្រញាប់ទៅយកសំណាកនៅវេទិកា៧មករាជាបន្ទាន់។ ករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន។ សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹងអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ខាងលើ នាពេលបន្តិចទៀតនេះ៕”
