កូវីដ-១៩

ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ១,៣៩៤នាក់ និងបាត់បង់ជីវិត៣នាក់ បន្ថែមទៀត

BY
autoadmin
April 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៣៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះគឺមានតែ ៦ ករណីប៉ុណ្ណោះ ជាការនាំចូលពីប្រទេស ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះបានកត់ត្រាកាលពីឆ្នាំមុន កើនឡើងដល់ ៤៣,៧៤២ ករណី។ នៅថ្ងៃនេះផងដែរ ក៏មានការស្លាប់ថ្មីចំនួន ៣នាក់ បន្ថែមទៀតត្រូវបានគេកត់ត្រា ធ្វើនាំឱ្យការស្លាប់សរុបទាំងអស់កើនដល់ ១០៤នាក់។ យ៉ាងណាក៏ដោយករណីសម្រាប់ថ្ងៃច័ន្ទនេះគឺមានតិចជាងកាលពីថ្ងៃអាទិត្យ ដែលវាមានរហូតដល់ទៅ ១,៧៦៧ ករណីឯណោះ។

ចំណែកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានកត់ត្រាជំងឺ COVID-19 ផ្សេងទៀតមានដូចជា៖ មីយ៉ាន់ម៉ា ៩ ករណី, កម្ពុជា ៦១៨ ករណី, ម៉ាឡេស៊ី ២ ១៩៥ ករណី,  ឥណ្ឌូណេស៊ី ៤ ៥៨៥ ករណី និងហ្វីលីពីន ១០ ០៩៨ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ជាក់ស្ដែងមនុស្សជាច្រើននៅជុំវិញពិភពលោកត្រូវបានគេរកឃើញថា បានឆ្លងជំងឺ COVID-19 ក្នុងសប្ដាហ៍កន្លងទៅនេះ ច្រើនជាងសប្ដាហ៍ណាៗទាំងអស់ ដោយត្រឹមមួយសប្ដាហ៍មានករណីដល់ ៥.២ លាននាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅទូទាំងពិភពលោកកើនដល់ ១២០.៥៣ លាននាក់ និងការស្លាប់សរុបមានដល់ ៣.០៣ លាននាក់ ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: