កូវីដ-១៩

ពិភពលោករកឃើញករណីថ្មីនៃជំងឺកូវីដ១៩ច្រើនជាង ៥.២ លានករណី ត្រឹមរយៈពេលមួយសប្ដាហ៍កន្លងមក ដែលជាចំនួនច្រើនបំផុតប្រចាំសប្ដាហ៍មិនធ្លាប់មានពីមុន

BY
autoadmin
April 20, 2021

ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ មានករណីឆ្លងជំងឺ COVID-19 ថ្មីជាង ៥.២ លានករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក ដែលវាគឺជាការកើនឡើងប្រចាំសប្តាហ៍ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។ លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា វាគឺជាសប្តាហ៍ទី៨ហើយ ដែលពិភពលោកមានការកើនឡើងនូវករណីថ្មីច្រើនជាងមុន ហើយលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រការនេះវានឹងធ្វើឱ្យមានការកើនឡើងនូវករណីស្លាប់បន្ថែមទៀត។ លោកថា ដំបូងឡើយពិភពភពលោកប្រើពេល ៩ខែ ទើបមានការស្លាប់ឡើងដល់ ១លាននាក់, ក្រោយមក ៤ខែ មានការស្លាប់សរុប ២លាននាក់ និងចុងក្រោយត្រឹមតែ ៣ខែ មានការស្លាប់សរុប ៣លាននាក់។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ការឆ្លងរាលដាលនិងការចូលសម្រាកក្នុងមន្ទីរពេទ្យរបស់អ្នកជំងឺ COVID-19 កំពុងកើនឡើងក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី ២៥ ទៅ ៥៩ឆ្នាំ មិនមែនត្រឹមតែមនុស្សវ័យចំណាស់ដូចមុននោះទេ។ ក្នុងនោះផងដែរប្រធានបច្ចេកទេសរបស់ WHO សម្រាប់ការឆ្លើយតបនឹងមេរោគឆ្លង គឺអ្នកស្រី Maria Van Kerkhove ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាវិធានការប្រឆាំងនឹងការឆ្លងមេរោគ រួមទាំងការជៀសវាងនូវកន្លែងចង្អៀត និងការរក្សាគម្លាតពីគ្នា។ លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យគាំទ្រការធ្វើការពីចម្ងាយបើមិនចាំបាច់ ដែលអាចកាត់បន្ថយការចម្លងរីករាលដាលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: