ថ្ងៃនេះ ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ១,៤៧០ករណី ដែលសុទ្ធតែជាការចម្លងក្នុងសហគមន៍ទាំងអស់ និងមរណភាពចំនួន ៧ ករណីបន្ថែមទៀត
- BY
- autoadmin
- April 22, 2021
យោងតាមការចុះផ្សាយជាប្រចាំរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៤៧០ ករណី និងការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺ COVID-19 ចំនួន ៧ ករណី បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីៗសម្រាប់ថ្ងៃនេះ គឺសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ៤៨,១១៣ ករណី និងការស្លាប់សរុបចាប់តាំងប្រទេសនេះមានវត្តមានជំងឺ COVID-19 តាំងតែពីឆ្នាំមុន បានកើនដល់ ១១៧នាក់។

ក្នុងចំណោមករណីថ្មីដែលត្រូវបានបញ្ជាក់នៅថ្ងៃនេះទាំងអស់ ទីក្រុងបាងកកមានការចម្លងរាតត្បាតច្រើនជាងគេ ដោយមានករណីសរុបចំនួន ៤៤៦ ត្រូវបានកត់ត្រា បន្ទាប់មកគឺខេត្តណុនថាប៊ូរី (១១៨) ខេត្តឈៀងម៉ៃ (៩៩) និងខេត្តឈុនបុរី(៩៧)។ ក្នុងចំណោមករណីសរុបទាំងអស់ ៤៨,១១៣នាក់ មានករណីចំនួន ៤៤,៨៦៧ គឺជាការចម្លងក្នុងសហគមន៍ ដោយរួមទាំង ២០,៩១៤ នាក់ ជាការរកឃើញតាមរយៈការធ្វើតេស្តសកម្ម និង ៣,២៤៦ នាក់ ជាជនដែលត្រឡប់ពីបរទេសវិញ។ រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺ COVID-19 ចំនួន ២៩,៨៤៨ នាក់ បានជាសះស្បើយ និងត្រូវរំសាយចេញពីពេទ្យ ខណៈអ្នកជំងឺ ១៨,១៤៨ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






