កូវីដ-១៩

ប្រទេសថៃរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ២,០១២នាក់ និងបាត់បង់ជីវិតបន្ថែម ១៥នាក់ទៀត នៅថ្ងៃពុធនេះ

BY
autoadmin
April 28, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នារសៀលថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២,០១២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបរបស់ប្រទេសថៃកើនដល់ ៦១,៦៩៩ ករណី។ ភាគច្រើននៃករណីដែលបានកត់ត្រានៅថ្ងៃនេះ គឺជាអ្នករស់នៅទីក្រុងបាងកក ដោយមានករណីចំនួន ៨៣០ ករណី ខណៈខេត្តឈុនបូរីមាន ១០៨ ករណី និងខេត្តសាមុតប្រាកាន ១៦១ ករណី។ ហើយក្នុងចំណោមករណីទាំងអស់សម្រាប់ថ្ងៃនេះផ្ទាល់ គឺសុទ្ធតែជាករណីក្នុងសហគមន៍ និងមានតែ ១១ ករណី ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស។

ការស្លាប់ថ្មីចំនួន ១៥ ករណី ក៏ត្រូវបានគេកត់ត្រាផងដែរនៅថ្ងៃនេះ ហើយវាគឺជាថ្ងៃទី ២ ដែលប្រទេសថៃមានករណីស្លាប់រហូតដល់ទៅ ១៥ ករណី ដែលធ្វើឱ្យចំនួនមរណភាពសរុបកើនដល់ ១៧៨ នាក់។ នៅថ្ងៃនេះផ្ទាល់ មានអ្នកជំងឺចំនួន ៨៥១ នាក់ ត្រូវបានរំសាយទៅផ្ទះវិញ ដែលធ្វើឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយកើនដល់ ៣៤,៤០២ នាក់ ខណៈដែលអ្នកជំងឺចំនួន ២៧,១១៩ នាក់ កំពុងនៅសម្រាកព្យាបាលនៅឡើយ។ គួរឱ្យដឹងដែរថា ក្នុងចំណោមករណីជំងឺ COVID-19 ទាំងអស់ដែលប្រទេសថៃបានកត់ត្រា មានករណីចំនួន ៥៨,៤០២ ករណី គឺជាការចម្លងក្នុងសហគមន៍ ហើយមានតែករណីចំនួន ៣,២៩៧ ប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: