ព័ត៌មានជាតិ

ប្រសើរណាស់! កម្ពុជាទទួលជំនួយជាឧបករណ៍វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដង្ហើម ៤ គ្រឿង ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចលំដាប់ពិភពលោក Haier Electrical Appliances

BY
Liny Chan
April 30, 2021

ភ្នំពេញ៖ ក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចលំដាប់ពិភពលោក Haier Electrical Appliances បានផ្តល់អំណោយជាឧបករណ៍វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដង្ហើមចំនួន ៤ គ្រឿង ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើដល់វិស័យសុខាភិបាលក្របខណ្ឌក្រសួងមហាផ្ទៃ ក៏ដូចជារួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កម្មវិធីសប្បុរសធម៌មួយនេះ ត្រូវបានប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ, ឯកឧត្តម ជា ណារិន្ទ នាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រនៃក្រសួងមហាផ្ទៃ, លោក Wang Jiemin ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង, លោក Zheng Shijun អគ្គលេខាធិការសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង និង លោក Wang Sheng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចលំដាប់ពិភពលោក Haier Electrical Appliances ប្រចាំប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានធ្វើការថ្លែងអំណរគុណចំពោះក្រុមហ៊ុន Haier Electrical Appliances ដែលបានផ្តួចផ្តើមគំនិតសប្បុរសធម៌ និងបានផ្តល់ជាឧបករណ៍វេជ្ជសាស្ត្រទាំងនេះជួយដល់ប្រទេសកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនាពេលកន្លងមកនេះ។
អំណោយឧបករណ៍វេជ្ជសាស្ត្រ ៤ គ្រឿង ដែលជាជំនួយរបស់ក្រុមហ៊ុន Haier Electrical Appliances និង កិច្ចជ្រុមជ្រែងពីសំណាកសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង គឺជាម៉ាស៊ីនជំនួយដង្ហើម អាចប្រើប្រាស់ចំពោះកុមារនិងមនុស្សពេញវ័យ ក្នុងប្រតិបត្ដិការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យ។

លោក Wang Sheng នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Haier Electrical Appliances ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា Haier មិនត្រឹមតែជាក្រុមហ៊ុនផ្តល់នូវសម្ភារៈអេឡិចត្រូនិចសម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើកិច្ចការងារសង្គម តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

សូមបញ្ជាក់ផងដែរថា Haier ត្រូវបានទទួលស្គាល់ដោយ Euromonitor International រយៈពេល ១២ ឆ្នាំជាប់ៗគ្នា ថាជាក្រុមហ៊ុនសម្ភាៈអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានលំដាប់ថ្នាក់លេខ ១ ទូទាំងពិភពលោក និងមានក្រុមហ៊ុនក្រោមការគ្រប់គ្រងចំនួន ៧ រួមមាន GE នៅសហរដ្ឋអាមេរិក, AQUA នៅប្រទេសជប៉ុន, Candy នៅប្រទេសអ៊ីតាលីជាដើម។

Share This Post: