កូវីដ-១៩

ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ នៅប្រេស៊ីលបានកើនដល់ ៤០០,០០០ នាក់ ដែលជាចំនួនច្រើនបំផុតទី២ក្នុងពិភពលោក ខណៈព្រឹទ្ធសភាបានបើកការស៊ើបអង្កេតលើរដ្ឋាភិបាលរបស់លោក Jair Bolsonaro

BY
autoadmin
April 30, 2021

ចំនួនអ្នកស្លាប់សរុបទាក់ទងនឹងជំងឺ COVID-19 នៅប្រទេសប្រេស៊ីល បានកើនដល់ ៤០០,០០០ នាក់ បន្ទាប់ពីបានកត់ត្រាការស្លាប់ចំនួន ៣,០០១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិគ្មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានគ្រប់គ្រាន់ជូនដល់ពលរដ្ឋ។ ឥឡូវនេះព្រឹទ្ធសភារបស់ប្រេស៊ីល បានបើកការស៊ើបអង្កេតមួយលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ដើម្បីចង់ដឹងថា តើពួកគេបានធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ឬយ៉ាងណា។ ជម្រាបផងដែរថា មេដឹកនាំរូបនេះតែងតែមានគំនិត និងការមើលឃើញប្លែកពីគេ សូម្បីតែខ្លួនគាត់ផ្ទាល់ដែលធ្លាប់ឆ្លងជំងឺ COVID-19 ក៏ដោយ។

ប្រធានាធិបតីលោក Jair Bolsonaro តែងតែនិយាយប្រឆាំងនឹងការបិទខ្ទប់ ពាក់ម៉ាស់ ហើយបានគាំទ្រថ្នាំដែលគ្មានការអះអាងពីអ្នកជំនាញ សម្រាប់ការព្យាបាលជំងឺ COVID-19 ដែលធ្វើឱ្យគាត់ត្រូវប្រឈមនឹងការរិះគន់ជាសាធារណៈ ហើយសំឡេងគាំទ្រមកលើរូបលោកក៏បានធ្លាក់ចុះ។ ការផ្ទុះឡើងនៃជំងឺ COVID-19 នៅប្រេស៊ីលបានធ្វើឱ្យប្រទេសនេះមានករណីជំងឺ COVID-19 បំលែងខ្លួនកាន់តែច្រើន ហើយរដ្ឋាភិបាលរបស់លោកក៏មិនសូវជាមានវិធានការឱ្យបានគ្រប់គ្រាន់ដែរ ដោយសាររដ្ឋាភិបាលរបស់លោកគិតថា វិធានការទាំងនោះរំខានដល់សេដ្ឋកិច្ចជាតិ។ គួរឱ្យដឹងដែរថា ប្រទេសមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១៤.៥ លានករណី ដែលជាចំនួនច្រើនបំផុតទី៣ និងការស្លាប់ចំនួន ៤០០,០០០ ករណី ដែលជាចំនួនច្រើនបំផុតទី២ នៅលើពិភពលោកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: