កូវីដ-១៩

មនុស្ស១៤នាក់ ក្នុងនោះមាន ៨នាក់មានវិជ្ជមានកូវីដ-១៩ បានលួចរត់ចេញពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាប

BY
Khmernote Media
May 2, 2021

យោងតាមលិខិតរដ្ឋបាលខេត្តព្រះសីហនុ លេខ ៦៤០/២១ សជណ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានធ្វើការជូនដំណឹងទៅកាន់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ស្តីពីការលួចរត់គេច បុគ្គលចំនួន១៤នាក់ ស្រីចំនួន៥នាក់ (មានវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់) ចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប។

ការជូនដំណឹងនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកទង្វើររបស់បុគ្គលទាំង១៤នាក់ខាងលើ គឺជាអំពើចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើអោយបានតឹងរ៉ឹងបំផុត៕

Share This Post: