ផ្ទុះឡើងសារជាថ្មី! សិង្ហបុរីបានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ១៧ករណី បូករួមទាំងករណីក្នុងសហគមន៍ចំនួន ១០ ដែលឆ្លងចេញពីមន្ទីរពេទ្យមួយកន្លែង
- BY
- autoadmin
- May 3, 2021
ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) នៅក្នុងរបាយការណ៍ជាបឋមរបស់ខ្លួនបាននិយាយថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧ករណី ដោយក្នុងនោះមាន ១០ករណី គឺជាការចម្លងនៅក្នុងសហគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់រសៀលថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងនោះ មាន៨ករណី ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីលេខ ៦២៥៤១ ដែលជាគិលានុបដ្ឋាយិកា អាយុ ៤៦ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យ Tan Tock Seng ហើយត្រូវបានបញ្ជាក់ថា វិជ្ជមានជាមួយជំងឺ COVID-19 នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

ក្រសួងសុខាភិបាលបាននិយាយថា ករណីសហគមន៍ទាំង ១០ គឺទាំងអ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យ Tan Tock Seng ឬទំនាក់ទំនងជិតស្និទ្ធជាមួយករណីមុនៗ ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក មុនពេលរកឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 ។ ក្រសួងបានបន្តថា ករណីចំនួន ៧ ទៀតដែលនៅសល់គឺជាករណីនាំចូល ហើយត្រូវបានគេតាមដានអំពីការស្នាក់នៅដាច់ដោយឡែកនៅពេលមកដល់ទឹកដីសាំងហ្គាពួរ។ យ៉ាងណាមិញករណីថ្មីៗសម្រាប់ថ្ងៃនេះ គឺមិនមានករណីថ្មីណាមួយដែលត្រូវបានរាយការណ៍ពីក្នុងអន្តេវាសិកដ្ឋានរបស់កម្មករទេ ហើយព័ត៌មានលម្អិតនៃករណីថ្មីនឹងត្រូវចេញផ្សាយនៅយប់ថ្ងៃច័ន្ទនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






