ខេត្តសៀមរាប មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងម្នាក់ ដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃធ្ងន់ធ្ងរ !
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកជំងឺម្នាក់មកពីភូមិលាបទង ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ឈ្មោះ ស៊ាន គឹមសាន ត្រូវបានប្រកាសថា បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នៅនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានឲ្យដឹងថា អ្នកជំងឺដែលស្លាប់នេះ មានជំងឺតម្រងនោមរ៉ាំរ៉ៃធ្ងន់ធ្ងរ និងមានវិជ្ជមានជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា បុរសឈ្មោះស៊ាន គឹមសាន អាយុ៤៧ឆ្នាំ ដែលមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃ បានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដើម្បីទទួលសេវាលាងឈាម។ បន្ទាប់ពីចូលសម្រាកព្យាបាលនៅថ្ងៃទី២៨ ខែមេសា បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ ប្រកាសថា គាត់មានវិជ្ជមានជំងឺកូវីដ-១៩។
នៅថ្ងៃទី០៣ ខែឧសភាដដែលនេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើបុរសអាយុ២១ឆ្នាំ ឈ្មោះដឹង ចាន់ណាត ស្នាក់នៅភូមិ២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ បុរសខាងលើបានធ្វើដំណើរពីក្រុងព្រះសីហនុ តាមរថយន្តឈ្នួលមកកាន់ខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ផងដែរ។
បន្ទាប់ពីមានការណែនាំពីអាជ្ញាធរមូលដ្ឋាន ឈ្មោះដឹង ចាន់ណាត បានធ្វើដំណើរមកកាន់មណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យ ភូមិភាគសៀមរាប និងត្រូវបានប្រកាសថា មានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីយកសំណាករបស់គាត់ទៅធ្វើតេស្ត។
ជាមួយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ “២០ កុម្ភ:” មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន៤៦នាក់ ព្យាបាលជាសះស្បើយចំនួន១៥នាក់ និងស្លាប់ម្នាក់៕ អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

ប្រភព៖ ក្រសួងព័ត៌មាន