អ្នកស្រឡាញ់ឆ្កែទាំងអស់សូមប្រយ័ត្ន! អ្នកស្លាប់ដោយសារជំងឺឆ្កែឆ្អួតក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងគួរឲ្យព្រួយបារម្ភ
ម៉ាឡេស៊ី៖ យោងតាមរបាយការណ៍សុខភាពរបស់មន្ទីរពេទ្យ Sarawak ម៉ាឡេស៊ីបានបង្ហាញថា កាលពីថ្ងៃម្សិលមិញនេះមានជនរងគ្រោះម្នាក់ទៀតហើយ ដែលបានស្លាប់ដោយសារជំងឺឆ្កែឆ្អួត។ ជនរងគ្រោះថ្មីម្នាក់ទៀតនេះមានអាយុ ៤៩ ឆ្នាំ និងបានក្លាយជាជនរងគ្រោះទី ១២ ដែលបានស្លាប់ដោយជំងឺឆ្កែឆ្អួត បើគិតតាំងពីពាក់កណ្តាលឆ្នាំ ២០១៧ មកទល់នឹងពេលនេះ។ សូមបញ្ជាក់ថា ជំងឺឆ្កែឆ្អួតដែលបង្កឡើងដោយមានសត្វឆ្កែខាំនរណាម្នាក់នោះ ហាក់កើតមានញឹកញាប់ក្នុងប្រទេសម៉ាឡេស៊ី និងបានបង្កើតជាក្តីកង្វល់មួយសម្រាប់សង្គមផងដែរ ព្រោះថាកន្លងមកករណីនេះកម្រកើតមានណាស់។
បើយោងតាមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមួយនេះបានឲ្យដឹងថា ប្រសិនបើអ្នកត្រូវសត្វឆ្កែខាំ ទោះឆ្កែនោះមានសុខភាពល្អធម្មតាក៏ដោយ សូមប្រញាប់ទៅចាក់វ៉ាក់ស៊ាំងការពារឲ្យបានភ្លាមៗ ជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ ព្រោះថាពេលខ្លះមេរោគពីសត្វឆ្កែបានបង្កឲ្យយើងធ្វើទុក្ខភ្លាមៗក្រោយពេលឆ្កែខាំ តែក្នុងករណីខ្លះវិញមេរោគសត្វឆ្កែនោះសម្ងំនៅក្នុងខ្លួនយើង អាចធ្វើទុក្ខនៅច្រើនឆ្នាំបន្ទាប់មកទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz