រយៈពេលជិត២សប្ដាហ៍កន្លងមកនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនជាង ៣០០,០០០ នាក់រៀងរាល់ថ្ងៃ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ជាង ២០ លាននាក់
- BY
- autoadmin
- May 4, 2021
គិតមកទល់នឹងពេលនេះ ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបច្រើនជាង ២០ លានករណី បន្ទាប់ពីខ្លួនបានកត់ត្រាករណីថ្មីប្រមាណ ៣៥៥,០០០ ករណី នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេស បាននិយាយថាករណីឆ្លងថ្មីៗកំពុងមានការថយចុះជាងមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប៉ុន្តែចំនួននៃការធ្វើតេស្តជាក់ស្ដែងក៏បានធ្លាក់ចុះផងដែរ ដែលធ្វើឱ្យមានការភ័យខ្លាចថា ការឆ្លងរាលដាលនៅប្រទេសឥណ្ឌាគឺខ្ពស់ជាងតួលេខដែលបានបង្ហាញ ឬខ្ពស់ជាងចំនួនដែលកំពុងមានស្រាប់។

យ៉ាងណាក៏ដោយកង្វះអុកស៊ីសែននៅតាមទីក្រុងដែលរងគ្រោះជាងគេ នៅតែជាបញ្ហាដែលមិនអាចដោះស្រាយបានឱ្យទាន់ពេលវេលា ហើយជាពិសេសគឺនៅទីក្រុងដេលីរដ្ឋធានីរបស់ប្រទេសនេះផ្ទាល់ ដែលមន្ទីរពេទ្យនៅទីនោះគឺពោរពេញទៅដោយអ្នកជំងឺ COVID-19 ហើយប្រព័ន្ធវេជ្ជសាស្ត្រកំពុងរងសម្ពាធយ៉ាងខ្លាំង។ រលកនៃការឆ្លងទី២ នៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើតឡើងតាំងតែពីដើមខែមេសា ហើយរយៈពេល ២សប្ដាហ៍ កន្លងមកនេះ វាបានកត់ត្រាករណីថ្មីច្រើនជាង ៣០០,០០០ ករណី ជារៀងរាល់ថ្ងៃ។
ចំណែកការស្លាប់ឯណោះវិញ ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់សរុបចំនួន ២២២,០០០ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ប៉ុន្តែគេជឿជាក់ថា ចំនួនមរណភាពពិតប្រាកដគឺច្រើនជាងនេះ ដោយសារថាចំនួនដែលបានកត់ត្រាក្នុងបញ្ជី គឺមិនទំនងឱ្យសមនឹងអ្វីដែលពួកគេបានមើលឃើញជាក់ស្ដែងនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






