ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ៣នាក់ទៀត សុទ្ធតែអ្នកមកពីភ្នំពេញ
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួន៣នាក់ទៀត សរុប៧នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។
២- ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។
៣- ឈ្មោះ ម៉ម សុខេន ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើដំណើរមកពី រាជធានីភ្នំពេញ។
ក្នុងចំណោមអ្នកទាំងបីនាក់ មានពីរនាក់ជាអ្នកមើលថែ និងម្នាក់ជាអ្នកជំងឺ ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលជំងឺ(មិនមែនជំងឺកូវីដ-១៩) ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រោយការព្យាបាលមានសុខភាពល្អប្រសើរ អ្នកទាំងបីបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ តាមរយៈរថយន្តឈ្នួលមួយគ្រឿង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មកដល់ម៉ោង៣ភ្លឺ ហើយត្រូវបានក្រុមការងារប្រចាំការនៅព្រំប្រទល់ខេត្ត ណែនាំឱ្យទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ បន្ទាប់មកគ្រូពេទ្យបានយកសំណាកវិភាគទទួលបានលទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះតាមការស្នើសុំ។ តាមរយៈពេលកំណត់របស់ក្រុមគ្រូពេទ្យ ពួកគាត់ត្រូវមកយកសំណាកលើកទី២ ដោយគាត់ទាំងបីនាក់ បានជិះរ៉ឺម៉កកង់បីចេញពីម្តុំទល់មុខការ៉ាស់សាំងតេឡា នៅម៉ោង១៦:០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែកអ្នកបើកបររថយន្តឈ្នួលដែលដឹកពួកគាត់ពីភ្នំពេញមកខេត្តសៀមរាប គឺទទួលបានលទ្ធផលអវិជ្ជមាន។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។
