ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌាហក់មកឈរលេខ២ នៅលើពិភពលោក ជាមួយនឹងករណីថ្មីជាង ៣៨០,០០០ ករណី និងមរណភាពថ្មីជាង ៣,៧០០ នាក់

    BY autoadmin May 5, 2021
    ប្រទេសឥណ្ឌាហក់មកឈរលេខ២ នៅលើពិភពលោក ជាមួយនឹងករណីថ្មីជាង ៣៨០,០០០ ករណី និងមរណភាពថ្មីជាង ៣,៧០០ នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាប្រឈមនឹងថ្ងៃដ៏អាក្រក់មួយផ្សេងទៀត ជាមួយនឹងការស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៣,៧៨០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនមរណភាពដ៏ច្រើនបំផុតមិនធ្លាប់មានពីមុន។ ពោលគឺត្រឹមរយៈពេល ១ថ្ងៃ បន្ទាប់ពីប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី២ នៅក្នុងពិភពលោក ដេញពីក្រោយសហរដ្ឋអាមេរិក ជាមួយនឹងការឆ្លងសរុបជាង ២០ លានករណី។

    ក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នានេះ ប្រទេសឥណ្ឌាមានករណីថ្មីច្រើនជាង ៣០០,០០០ ករណី ជារៀងរាល់ថ្ងៃតែម្តង ហើយនៅថ្ងៃពុធនេះផ្ទាល់ប្រទេសនេះមានករណីថ្មីចំនួន ៣៨២,៣១៥ ដែលត្រូវបានកត់ត្រាក្នុងបញ្ជីរបស់រដ្ឋាភិបាល។ ជាក់ស្ដែងជំងឺ COVID-19 បំលែងខ្លួនថ្មីរបស់ប្រទេសនេះ បានធ្វើឱ្យករណីថ្មីកើនឡើងយ៉ាងគំហុក ហើយមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 យ៉ានណែនតាន់តាប់ ខណៈដែលបញ្ហាកង្វះអុកស៊ីសែននៅតែជាបញ្ហាចម្បងគេ។ អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះគឺអ្នកជំងឺខ្លះបានស្លាប់នៅតាមផ្លូវ នៅអំឡុងដែលពួកគេត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ។

    ឥឡូវនេះរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកមិនបានចាត់វិធានការឱ្យបានទាន់ពេលវេលានោះទេ។ ក្រុមបក្សប្រឆាំងធ្លាប់បានស្នើឱ្យមានការបិទខ្ទប់ប្រទេស តាំងតែពីការផ្ទុះឡើងនៅមានចំនួនតិចដែរ ប៉ុន្តែលោក Narendra Modi បានយកសេដ្ឋកិច្ចប្រទេសជាធំ ដោយគិតថាប្រសិនបើបិទខ្ទប់ប្រទេសនឹងការធ្លាក់ចុះសេដ្ឋកិច្ច។ នៅទីបំផុត ការឆ្លងបានវាយប្រហារនៅទូទាំងប្រទេស ហើយជាលទ្ធផលគឺប្រទេសនេះមានករណីហក់ឡើងជារៀងរាល់ថ្ងៃ និងច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: