អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចកូពីប័ណ្ណចាក់វ៉ាក់សាំង លក់ជូនពលរដ្ឋ ដោយ១សន្លឹកតម្លៃ…
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាម្ចាស់អាជីវកម្មហ្វូតូកូពី ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេទាំង២នាក់ បានលួចកូពីប័ណ្ណចាក់វ៉ាក់សាំង លក់ជូនពលរដ្ឋដើម្បីយកទៅប្រើប្រាស់។ ការឃាត់ខ្លួនជនសង្ស័យទាំងនាក់ធ្វើឡើងកាលពីវេលាម៉ោង១០:២៥នាទីព្រឹក ថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុច២ទីតាំងផ្សេងគ្នាដូចជាទី១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់មានឈ្មោះដូចជា ទី១-ស៊ុន ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនសាលាអាស៊ីអឺរុបនិងកូពីឯកសារ ស្នាក់នៅស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ និងទី២-មានឈ្មោះ ចាយ វ៉ារិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរថតរូបនិងហ្វូតូកូពី ស្នាក់នៅផ្ទះ៣១៩ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា ៖ ដំបូងឡើយគឺមានពលរដ្ឋ៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ដោយបានយកប័ណ្ណចាក់វ៉ាក់សាំង (កូពី) ដែលបានទិញពីជនសង្ស័យខាងលើ យកទៅបង្ហាញគ្រូពេទ្យ ដើម្បីទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ។ លុះពេលគ្រូពេទ្យពិនិត្យមើលឃើញថា ប័ណ្ណស្នើសុំចាក់វ៉ាក់សាំងនោះ ជាឯកសារហ្វូតូកូពី ដែលពុំមែនជាឯកសារត្រឹមត្រូវតាមច្បាប់នោះ ក៏ទាក់ទងឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលប្រចាំការការពារ នៅទីតាំងចាក់វ៉ាក់សាំងនោះធ្វើការឃាត់ខ្លួនសួរនាំតែម្ដង។ ក្រោយការសាកសួរនាំរួចមក ពលរដ្ឋទាំង៣នាក់ខាងលើក៏បានឆ្លើយបញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំងនោះ គឺពួកគេមិនបានលួចកូពីដោយខ្លួនឯងនោះទេ គឺមានអ្នកកូពីលក់អោយក្នុងតម្លៃ ១០០០រៀល ឬ២០០០រៀល តាមជាក់ស្តែង ។ ទន្ទឹមនឹងនោះពលរដ្ឋទាំង៣នាក់ក៏ពុំដឹងថា “ប័ណ្ណកូពី ជាប័ណ្ណដែលមិនអាចប្រើប្រាស់បាននោះដែរ បើដឹងថាខុសហ្នឹងច្បាប់ម្លោះហើយ អ្នកទាំង៣ ក៏មិនធ្វើដែរ ហើយចំពោះមូលហេតុដែលខ្លួនសុខចិត្តចំណាយលុយទិញប័ណ្ណកូពីពីគេនោះ គឺដោយសារឃើញមានមនុស្សច្រើនពេកដែលទៅសុំប័ណ្ណនោះដល់ផ្ទះមេភូមិ ម្យ៉ាងខ្ជិលខាតពេលវេលាផង ក៏សម្រេចទិញគេតែម្តងទៅ” ។

យ៉ាងណាមិញ បន្ទាប់ពីសាកសួរនាំហើយនោះ ដោយមានការចង្អុលបង្ហាញ ពីពលរដ្ឋទាំង៣នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបន្តទៅកាន់ទីតាំងដែលពួកគេទិញប័ណ្ណកូពីនោះ ហើយក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅ២ទីតាំងផ្សេងគ្នាតែម្តងទៅ ដោយដកហូតបានវត្ថុតាង ជាប័ណ្ណកូពីនៅសេសសល់ពីការលក់ផងដែរ ។ នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពកូពីប័ណ្ណចាក់វ៉ាក់សាំងលក់អោយពលរដ្ឋដើម្បីយកទៅប្រើប្រាស់ប្រាកដមែន ដោយបានលក់អោយឈ្មោះ ស៊ុន ចាន់ថា ក្នុងតម្លៃ២០០០រៀល ក្នុងមួយច្បាប់ និងម្នាក់ទៀតឈ្មោះ ចាយ វ៉ារិន លក់ក្នុងតម្លៃ១០០រៀល ក្នុងមួយច្បាប់ ។
បច្ចុប្បន្នក្រោយការសាកសួរនាំ និងទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិរួចមក នៅវេលាល្ងាចថ្ងៃខែដដែល សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការអប់រំណែនាំ និងបានអោយបុគ្គលទាំង២ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៅមុខទៀត ក្នុងករណីប្រសិនបើកើតមានបន្តទៀត នឹងត្រូវអនុវត្តនីតិវិធីច្បាប់ ។ ក្រោយអប់រំរួច ពួកគេ ត្រូវអនុញ្ញាត្តិអោយ ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន ។
ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថខណ្ឌមានជ័យ ក៏សូមអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ សូមបងប្អូនទៅស្នើរសុំប័ណ្ណចាក់វ៉ាក់សាំងពីលោកប្រធានភូមិ នៅតាមតំបន់រស់នៅនីមួយៗរបស់បងប្អូន ព្រោះប័ណ្ណ នោះគឺជាប័ណ្ណត្រឹមត្រូវទៅតាមផ្លូវច្បាប់ បើក្រៅពីនោះគឺពុំមែនជាប័ណ្ណត្រឹមត្រូវឡើយ ហើយចំពោះជនណាដែលក្លែងបន្លំប័ណ្ណ នឹងត្រូវប្រឈមមុខទៅនឹងផ្លូវច្បាប់ ៕



ដោយ៖ បងម៉េង ខ្មែរណូត