ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្ដោះអាសន្នផ្ទះសំណាក់ចំនួន០២ ក្នុងក្រុងសៀមរាប ដោយសារអ្នកកើតកូវីដធ្លាប់ចូលស្នាក់នៅ

    BY Khmernote Media May 6, 2021
    រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទជាបណ្ដោះអាសន្នផ្ទះសំណាក់ចំនួន០២ ក្នុងក្រុងសៀមរាប ដោយសារអ្នកកើតកូវីដធ្លាប់ចូលស្នាក់នៅ

    នៅវេលាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទការចេញ-ចូល ជាបណ្ដោះអាសន្នផ្ទះសំណាក់ចំនួន០២ ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី០៥ ខែឧសភានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ រួមមាន ៖ ១. ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម និង ផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលផ្ទះសំណាក់ទាំង០២នេះ ជាប់ពាក់ព័ន្ធនឹងបុរសម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរជាបុគ្គលិកក្រុមហ៊ុនឱសថស្ថាន វត្តី ។

    រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ទៀតថា បុរសម្នាក់នេះ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ហើយតាមការសាកសួរប្រវត្តិធ្វើដំណើររបស់រដ្ឋបាលខេត្តប៉ៃលិន អ្នកវិជ្ជមានជំងឺកូវីដ-១៩ បុរសរូបនេះ ធ្លាប់បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២១។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលផ្ទះសំណាក់ ប៊ុនថា II ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post: