ថ្ងៃនេះ វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៨នាក់ ដែលឆ្លងចេញពីមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងហាណូយ
- BY
- autoadmin
- May 6, 2021
ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលទាំងអស់គឺជាករណីក្នុងសហគមន៍ និងជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាតិជំងឺត្រូពិក (National Hospital for Tropical Diseases) ក្នុងទីក្រុងហាណូយ។ មន្ទីរពេទ្យនេះត្រូវបានគេប្រកាសឱ្យបិទខ្ទប់រយៈពេល ២ សប្តាហ៍ ដោយរាប់ចាប់ផ្តើមពីថ្ងៃពុធរហូតដល់ថ្ងៃទី១៩ ខែឧសភា ក្រោយពេលគេបានរកឃើញថា វេជ្ជបណ្ឌិតម្នាក់របស់មន្ទីរពេទ្យមួយនេះបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 នាពេលថ្មីៗនេះ។

លោកវេជ្ជបណ្ឌិតរូបនោះត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីគាត់បានត្រឡប់មកពីដំណើរកម្សាន្តនៅក្រៅប្រទេស ហើយឥឡូវនេះមន្ទីរពេទ្យដែលគាត់ធ្វើការត្រូវបានបិទខ្ទប់ ដើម្បីពិនិត្យអ្នកដែលបានប៉ះពាល់ជាមួយគាត់ ជាពិសេសគឺបុគ្គលិករបស់មន្ទីរពេទ្យតែម្ដង។ ដូច្នេះមានន័យថា រាប់ចាប់ពីថ្ងៃពុធម្សិលមិញនេះ មន្ទីរពេទ្យមិនទទួលអ្នកជំងឺថ្មីនោះទេ ដើម្បីតាមដានពិនិត្យសុខភាពអ្នកដែលកំពុងនៅក្នុងមន្ទីរពេទ្យផ្ទាល់។
កាលពីម្សិលមិញនេះករណីថ្មីចំនួន ១៤ ក៏ត្រូវបានកត់ត្រាពីមន្ទីរពេទ្យជាតិជំងឺត្រូពិកមួយនេះ ហើយក្នុងចំណោមពួកគេទាំងនោះ មានអ្នកជំងឺ ៩នាក់ គឺជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រាប់ ខណៈអ្នកដែលនៅសល់គឺជាសមាជិកគ្រួសារអ្នកជំងឺ និងបុគ្គលិកពេទ្យម្នាក់។ គួរឱ្យដឹងដែរថា ចំនួនអ្នកជំងឺ COVID-19 សរុបទូទាំងប្រទេសវៀតណាមពេលនេះមានចំនួន ៣,០៣០ ករណី ជាមួយនឹងការជាសះស្បើយឡើងវិញចំនួន ២,៥៦០ ករណី៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






