ក្រុមហ៊ុន T F Motors Cambodia បានបរិច្ចាគថវិការចំនួន$2,000 ទៅអង្គការ F&B Solidaire
ជំងឺរាតត្បាតកូវីដ១៩បានកំពុងបង្កើតនូវតម្រូវការថ្មីៗនឹងចាំបាច់សម្រាប់ប្រជាជន ខណៈពេលដែលមានសម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដោយមិនអាចរកប្រាក់ចំណូលបាន។ ដូចដែលយើងបានឃើញអំពីការរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ដែលបានបង្ខំអោយរាជរដ្ឋាភិបាលសម្រេចចិត្តបិទខ្ទប់ទីក្រុងកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១។ អាជីវកម្ម, រោងចក្រ និងសាលារៀន ជាច្រើនបានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលមើលទៅពិតជាមានអារម្មណ៏ថាគ្មានទីពឹងនិងអស់សង្ឃឹម។ ប៉ុន្តែមិនខ្វល់ថាអ្នកជានរណា ឬ អ្នកស្ថិតក្នុងស្ថានភាពដូចម្តេចទេ អ្នកអាចធ្វើអោយវាប្រសើរឡើងបាន។ ទោះបីអ្នកនៅផ្ទះ ក៏អ្នកនៅតែមានមធ្យោបាយជាច្រើនក្នុងប្រឡូកនិងជួយ ដែលមានដូចជា ការបរិច្ចាគថវិការ ឬ ផ្គត់ផ្គង់ និងមើលឃើញថាតើមនុស្សណាខ្លះដែលត្រូវការជំនួយ។ មានអ្នកបរិច្ចាគជាច្រើនក្នុងប្រទេសកម្ពុជាបានគិតគូរនិងជួយគ្នាក្នុគ្រាដ៏ពិបាកនេះ។

ឆ្លើយតបទៅនឹងតម្រូវការនេះ, ក្រុមហ៊ុន T F Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនដ៏ធំនាំចូលផ្តាច់មុខនូវរថយន្ត MG & Maxus និងម៉ូតូ Royal Enfield មកទីផ្សារប្រទេសកម្ពុជាជាមួយនឹងផលិតផលដែលមានតម្លៃសមរម្យ, គុណភាពល្អ, សេវាកម្មល្អ និង ទំនើបទាន់សម័យ បានបរិច្ចាគថវិការចំនួន $2,000 ទៅកាន់អង្គការ F&B Solidaire។ ពួកគេពិចារណាធ្វើការបរិច្ចាគនេះដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ១៩ តាមរយៈការគាំទ្រដល់អង្គការដែលកំពុងបម្រើដល់ប្រជាជនទន់ខ្សោយនិងខ្វះខាតដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការរីករាលដាលនៃកូវីដ១៩។

អង្គការ F&B Solidaire កំពុងរៀបចំនិងចែកចាយអាហារជារៀងរាល់ថ្ងៃដល់ក្រុមការងារជួរមុខ និងប្រជាជនដែលកំពុងខ្វះខាតនៅក្នុងតំបន់ក្រហមនាពេលដ៏លំបាកនេះ ដើម្បីឆ្លើយតបនិងទប់ស្កាត់នៃការរីករាលដាលនៃកូវីដ១៩នៅកម្ពុជា។

ក្នុងការបរិច្ចាគនេះផងដែរ, លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា “ខណៈពេលដែលមនុស្សជាច្រើនមិនមានប្រាក់ចំណូលនាពេលបច្ចុប្បន្ននេះ ប្រសិនបើយើងជាអ្នកដែលមានលទ្ធភាព សូមពិចារណាទៅលើការជួយបរិច្ចាគដល់អង្គការដែលកំពុងព្យយាមធ្វើឱ្យស្ថានភាពខ្វះខាតមានសភាពប្រសើរឡើងក្នុងពេលមានជំងឺរាលត្បាតនេះ។ ភាពដែលអាចធ្វើទៅបានមួយចំនួនរួមមានដូចជា ការជួយដល់មន្ទីរពេទ្យ, មណ្ឌលសុខភាព ឬ អង្គការសប្បុរសធម៌ជាតិ និង មូលដ្ឋាន ដែលកំពុងផ្តល់ស្បៀងអាហារដល់ប្រជាជនដែលខ្វះខាត។ សារធាតុចិញ្ចឹមគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយមេចុងភៅគឺជាមនុស្សសំខាន់បំផុតដើម្បីធ្វើឱ្យប្រាកដថាប្រជាជននៅតំបន់ក្រហមមានរបបអាហារដែលមានតុល្យភាពនិងពោរពេញទៅដោយសារធាតុចិញ្ចឹម។”


