អរគុណមិត្តជប៉ុន! រសៀលថ្ងៃមិញនេះ រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជាហើយ នៅសល់ ៦៥គ្រឿងទៀត
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល។ គួរបញ្ជាក់ថានេះជារថយន្តគិលានសង្គ្រោះ ចំនួន៣៥គ្រឿង ក្នុងចំណោម ១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាល សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការផ្ដល់ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំពេលតែម្ដង ដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ ដូច្នេះហើយយើងនឹងប្រើប្រាស់រថយន្ដនេះ ដើម្បីដឹកអ្នកជំងឺពីគ្រប់កន្លែងទាំងអស់ ទៅកាន់មន្ទីរពេទ្យកាន់តែឆាប់រហ័ស»។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា ក្នុងជំហានទី១នេះ ក្រសួងបានបែងចែករថយន្ដទាំង ៣៥គ្រឿងនេះ ជូនដល់មន្ទីរសុខាភិបាលទូទាំងរាជធានី-ខេត្ដ។ ក្នុងគម្រោងនេះ ជប៉ុននឹងបន្ដជួយ ៦៥គ្រឿងបន្ថែមទៀត ជាបន្ដបន្ទាប់៕


