ព័ត៌មានជាតិ

អគ្គិសនីកម្ពុជាសម្រេចគិតយកមធ្យមភាគប្រើប្រាស់ភ្លើង៣ខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជននៅតំបន់បិទខ្ទប់

BY
Khmernote Media
May 11, 2021

អគ្គិសនីកម្ពុជាសូមជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់មេត្តាជ្រាបថា កន្លងមកទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ជិតទាំងស្រុងដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជាចូលទៅបំពេញភារកិច្ចបាន។ ដូច្នេះ ដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។ គោលដៅសំខាន់នៃការស្រង់ថាមពលដោយគិតការប្រើប្រាស់ជាមធ្យមភាគនៃការប្រើថាមពលចំនួន៣ខែនេះគឺ៖

១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុងមិនអាចចូលទៅស្រង់ថាមពលបាន។

២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬ បីខែស្រង់ម្តងនោះ វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។

៣. ការយកមធ្យមភាគ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជនណាម្នាក់ឡើយ ព្រោះអតិថិជននៅបន្តការប្រើប្រាស់ជាធម្មតាពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិតនៅក្នុងផ្ទះ ហើយម្យ៉ាងទៀតថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និង មីនា គឺជាថាមពលដែលប្រើប្រាស់ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែងក្នុងខែមេសាដែលអាចមានកំណើនច្រើនជាងដោយសារអាកាសធាតុក្តៅខ្លាំង អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជននៅក្នុងតំបន់បិទខ្ទប់ជ្រាបជាព័ត៌មាន។

Share This Post: